(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មេីរជេីងលេខ៥១ បានបេីកយុទ្ធនាការ ចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ជូនប្រជាពលរដ្ឋក្រុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ យុទ្ធនាការនេះ ដឹកនាំផ្ទាល់ពីសំណាក់ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។
លោកមេបញ្ជាការ បានបញ្ជាក់ថា តាមផែនការ ការចាក់វ៉ាក់សាំងដូសជំរុញនេះ កងពលតូចថ្មើរជើងលេខ៥១ ទទួលចាក់ជូនប្រជាពលរដ្ឋចំនួន២ទីតាំង ក្នុងស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ បានផ្តាំផ្ញើប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣កុំ ៣កាពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី៣នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា។ ពួកគេបានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕