(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៥ ខែមេសានេះថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះ៣នាក់ មានឈ្មោះ ផល សំណាង ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ ចក់ ធី ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ សំ ភឿក ភេទប្រុស អាយុ១៩ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើការប្តឹងឈ្មោះ មិញ វឿន ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ មិញ សំ ភេទប្រុស អាយុ៤៥ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិជាមួយគ្នា ពីបទប្រើអំពើហិង្សាមកលើរូបគេទាំង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះផងដែរ។
លោកបញ្ជាក់ថា ក្រោយពីបានទទួលពាក្យបណ្តឹង របស់ជនរងគ្រោះទាំង៣នាក់ រួចមកលោកបានដឹកនាំកំលាំងអាវុធហត្ថ ចុះទៅស្វែងរកចាប់ជនដៃដល់ទាំង២នាក់ បានសម្រេច។ នៅ១០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ជនសង្ស័យទាំង២ត្រូវបានឃាត់ខ្លួន ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានវាយទៅលើជនរង្រ្គោះទាំង៣នាក់ នោះបណ្ដាលឲ្យរងរបួសពិតប្រាកដមែន។
សូមរំលឹកថា មុនមានហឹង្សាទៅលើជនរងគ្រោះទាំង៣នោះ គឺជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ចេញពីផ្ទះទៅរកត្រី លុះជិះមកដល់ក្រោយវត្តតាហី កន្លែងស្ងាត់នោះស្រាប់តែជនសង្ស័យទាំង២នាក់ បានចេញមកធ្វើសកម្មភាព ទាញយកដំបង និងវត្ថុរឹងជាច្រើនទៀត បានវាយទៅលើជនរងគ្រោះទាំង៣នាក់ យ៉ាងសាហាវដោយមិនអាចឲ្យជនរងគ្រោះទាំង៣នាក់ នោះតដៃវិញបានឡើយ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់ គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុ លាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕