(បាត់ដំបង)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាសម្រេចផ្ទេរវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់មូលនិធិអាស៊ាន ដែលជាចំណែករបស់ខ្លួនឱ្យមីយ៉ាន់ម៉ាទាំងអស់ ដែលតម្លៃប្រហែល១លានដុល្លារ បើទោះបីកម្ពុជាក្រ ប៉ុន្តែកម្ពុជាក៏មានបេះដូងធំទូលាយ។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
ថ្លែងពីលើវេទិកា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានបេះដូងពោលពេញដោមនុស្សធម៌ ក៏បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
សម្រាប់សម្តេចតេជោ ហ៊ុន សែន បានបន្តថា បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត។ សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។ សម្តេចតេជោថា លោក មីង អោងឡាំង បានបើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំនួយមនុស្សធម៌ ប្រជាជនមីយ៉ាន់ម៉ា កំពុងត្រូវការសង្គ្រោះជីវិតមនុស្សសិន សង្គ្រោះជីវិតមនុស្សពីការកុំឱ្យស្លាប់ដោយសារការបាញ់គ្នា ដោយសារហិង្សា សង្គ្រោះជីវិតមនុស្សដោយសារផ្តល់ឱ្យគេនូវស្បៀងអាហារ ថ្នាំពេទ្យវ៉ាក់សាំង ហើយខ្ញុំបានប្រកាស ខ្ញុំបានប្រាប់ មីង អោងឡាំង នៅក្នុងពេលបាយថា វ៉ាក់សាំងមូលនិធិអាស៊ាន សម្រាប់វ៉ាក់សាំងដែលជាចំណែករបស់កម្ពុជា ខ្ញុំសូមផ្តល់ជូនឱ្យមីយ៉ាន់ម៉ាទាំងអស់ តម្លៃប្រហែល១លានដុល្លារ ព្រោះអាស៊ាន១០ គឺនឹងប្រើប្រាស់ថវិកានោះចំនួន១០លាន ដើម្បីទិញវ៉ាក់សាំងចែកគ្រប់ៗគ្នា តែកម្ពុជា មិនទទួលយកទេ សុំផ្ទេរអាចំណែករបស់ខ្លួន ជូនទៅមីយ៉ាន់ម៉ាទៀត ដើម្បីឱ្យប្រជាជនមីយ៉ាន់ម៉ា មានវ៉ាក់សាំងចាក់ បើទោះបីកម្ពុជាក្រ ប៉ុន្តែ កម្ពុជា ក៏មានបេះដូងធំទូលាយ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីសកម្មភាពមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា មកឆ្នាំ២០២២នេះ គឺមានចំនួន៣លើកមកហើយ សម្រាប់លើកទី១ នៅឆ្នាំ២០២០, លើកទី២ ឆ្នាំ២០២១ ខណៈជំនួយលើកទី៣ គឺនៅថ្ងៃដែលម្តេចបានទៅបំពេញបេសកកម្មនៅមីយ៉ាន់ម៉ា ដោយដឹកនាំអំណោយទាំងនោះមានចំនួន៤យន្តហោះ។
«អញ្ចឹងទេអា១លានដុល្លារ សម្រាប់វ៉ាក់សាំងដែលជាចំណែករបស់កម្ពុជា គឺកម្ពុជាផ្តល់ទាំងអស់ឱ្យមីយ៉ាន់ម៉ា ព្រោះយើងក៏បានផ្តល់ទៅឱ្យឡាវ ចំនួន៧០ម៉ឺនដូសរួចទៅហើយ ផ្តល់ទៅឱ្យវៀតណាមចំនួន២០ម៉ឺនដូស»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ថាការផ្តល់ជំនួយដល់ប្រទេសជាមិត្តនាដំណាក់កាលនេះ គឺជាការចែករំលែកនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ដូច្នេះ យន្តការនៃការផ្តល់ជំនួយនឹងត្រូវរៀបចំឡើងដោយមានភាគីពាក់ព័ន្ធ រួមមានអាស៊ាន, ប្រេសិតពិសេសរបស់ប្រធានអាស៊ាន, អគ្គលេខាធិការអាស៊ាន, មជ្ឈមណ្ឌលសម្របសម្រួល ភាគីមីយ៉ាន់ម៉ា និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលមានការពាក់ព័ន្ធ ព្រមទាំងមានមិត្តរបស់មីយ៉ាន់ម៉ា ដែលបង្កើតដោយប្រទេសព្រុយណេ សម្រាប់ដំណើរការនេះជាដើម។
សម្រាប់ជំនួយរបស់កម្ពុជាទាំងទី៣ ដែលផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ារួមមានដូចតទៅ៖
*ជំនួយលើកទី១ បានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖ ម៉ាសជាង ២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត។
*ជំនួយលើកទី២ ត្រូវបានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រួមមាន៖ ថវិកា ២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យមួយចំនួនទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដាំរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។
និងសម្រាប់ជំនួយលើកទី៣ ត្រូវបានផ្តល់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ រួមមាន៖ ម៉ាស ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន, របាំងការពារមុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង, ម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង
គួរជម្រាបថា កាលពីខែសីហា ឆ្នាំ២០២១នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ១០ម៉ឺនដុល្លារទៅកាន់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ៕