Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រឹងប្រែងរកការសម្រុះសម្រួលជាមួយអាស៊ាន បង្កើតឲ្យមានយន្តការបទឈប់បាញ់ និងផ្តល់ជំនួយ នៅមីយ៉ាន់ម៉ា (Video inside)

10-01-2022 13:11

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ខិតខំប្រឹងប្រែងរកការសម្រុះសម្រួលជាមួយអាស៊ាន បង្កើតនូវយន្តការចំនួន២ គឺបទឈប់បាញ់ និងការផ្តល់ជំនួយដល់មីយ៉ាន់ម៉ា។

ថ្លែងរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវមានកិច្ចការយ៉ាងហោចត្រូវបង្កើតយន្តការពីរ ឲ្យខាងតែបាន ព្រោះមិនមែនរឿងរបស់កម្ពុជាទេ រឿងនេះរឿងអាស៊ានត្រូវធ្វើ។ ខ្ញុំបានណែនាំឯកឧត្តម ប្រាក់ សុខុន ឲ្យខិតខំរកការសម្រុះសម្រួលក្នុងដៃគូអាស៊ានរបស់យើងបង្កើតនូវយន្តការពីរ គឺយន្តការទាក់ទងនឹងការឈប់បាញ់ [...] ខាងភាគីមីយ៉ាន់ម៉ា បានស្វាគមន៍ចំពោះការចូលរួមរបស់ប្រសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួកក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធ ជនជាតិភាគតិច ជំហានដ៏សំខាន់នេះត្រូវបានចែងក្នុង ៥ចំណុចរបស់អាស៊ាន។ យន្តការទី២ គឺការផ្តល់ជំនួយមនុស្សធម៌ ត្រូវមានយន្តការជាក់លាក់»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ដើម្បីឲ្យមានការជឿទុកចិត្តសម្រាប់ភាគីទាំងអស់ អាស៊ានគប្បីដើរតួនាទីសម្របសម្រួល គូភាគីដែលមានជម្លោះឲ្យមានការឈប់បាញ់ ដែលកន្លងមកអាស៊ានមិនដែលធ្វើនោះទេ។

សម្តេចបន្ថែមថា ការមិនមានអំពើហិង្សា និងសង្គ្រាមប្រដាប់អាវុធនៅប្រទេសមីយ៉ាន់ម៉ា នឹងបង្កបរិយាកាសអំណោយផល សម្រាប់ឈានឆ្ពោះទៅរកការសន្ទនាក្នុងន័យស្ថាបនា ហើយសម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោត ដែលភាគីមីយ៉ាន់ម៉ា កំណត់ធ្វើនៅក្នុងខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាមិនអាចបញ្ចប់ត្រឹមកម្ពុជា ធ្វើម្ចាស់ផ្ទះអាស៊ាននៅឆ្នាំ២០២២នេះទេ គឺជាងបន្តដល់ដៃប្រធានអាស៊ានថ្មី នៅឆ្នាំក្រោយៗទៀត។

ចំពោះការផ្តល់ជំនួយវិញ សម្តេចតេជោបានថ្លែងថា លោក មីង អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ា បានបើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ៕