(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងត្រូវរៀបចំឱ្យទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅពេលមកទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ ដើម្បីអបសាទរការចូលរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាល៣០ឆ្នាំមុន។ បន្ថែពីនេះសម្តេចនឹងអញ្ជើញសួរសុខទុក្ខកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ពេលចូលមកកាន់កម្ពុជា ប្រសិនបើមានការអនុញ្ញាតពីភាគីជប៉ុន។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ គឺជាខួប៣០ឆ្នាំ នៃថ្ងៃដែលកងរក្សាសន្តិភាពរបស់ជប៉ុន បានចេញមកបំពេញប្រតិបត្តិការ របស់នៅក្រៅប្រទេស ដែលជប៉ុន ហៅថា United Nations Peace-keeping Operations (PKOs) ឬ Peace-keeping Operations (PKO) ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចេញមកប្រទេសកម្ពុជា។
ជុំវិញដំណើរបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនកកម្ពុជា នាដំណាក់កាលនោះ ស្ថាបនិកសន្តិភាពកម្ពុជា បានបញ្ជាក់ថា កងរក្សាសន្តិភាពរបស់ជប៉ុន បានស្លាប់បាត់បង់ជីវិតចំនួន២នាក់ នៅក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា និងត្រូវបានរៀបចំទុកដាក់សពរបស់ពួកគេនៅលើទឹកដីកម្ពុជា ផងដែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូច្នេះ នៅឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ យើងគួរគប្បី ធ្វើនូវសកម្មភាព មួយចំនួនដើម្បីអបអសាទរជាមួយពិធីនោះ រាប់ទាំងបញ្ហាការចូលមកនាវារបស់ជប៉ុន ចូលមកកាន់កម្ពុជា ប៉ុន្តែ នាវានោះ មិនអាចចូលមកកំពង់ផែរាម បាននោះទេ ព្រោះទឹកមានជម្រៅតែ២ម៉ែត្រ ប៉ុន្តែ មិញខ្ញុំបានពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ រួចហើយ គឺយើងអាចមានជម្រើសដោយសារនាវាជប៉ុនធំ អញ្ចឹងយកនាវាកម្ពុជា ដឹកកងទ័ពជប៉ុន មកកាន់រាម រួចហើយបន្ទាប់ពីហ្នឹហ្នឹងទៅជិះឡានធំៗ រួចហើយស្សនកិច្ច ត្រឡប់មកវិញអញ្ចឹងយើងអាចទៅតាមផ្លូវទឹក រួចហើយទៅតាមផ្លូវគោកទៀត ប៉ុន្តែ រឿងហ្នឹងពិភាក្សាជាក់ស្តែងសម្តេចពិជ័យសេនា បានទទួលទូរស័ព្ទរបស់ខ្ញុំព្រឹកមិញ...!»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការធ្វើកម្មវិធីមួយចំនួនពីសំណាក់កម្ពុជា ជាមួយជប៉ុន ដើម្បីទទួលដឹងឮអំពីការចេញប្រតិបត្តិការជាលើកដំបូង របស់កងស្វ័យការពារជប៉ុន ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាសន្តិភាពនៅប្រទេសកម្ពុជា នាដំណាក់សង្គ្រាមស៊ីវិល។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ប្រទេសជប៉ុន បានរួមចំណែកក្នុងការរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា បន្ថែមពីនេះ ដើម្បីរកសុខសន្តិភាពនៅកម្ពុជា សម្រេចបានប្រើពេលពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុន តាំងពីម៉ោង៧ល្ងាច ដល់ម៉ោង២រំលងអាធ្រាត ដូច្នេះ ដំណើរការស្វែងរកសុខសន្តិភាពនៅកម្ពុជា មានការចូលរួមចំណែកយ៉ាងច្រើនពីភាគីជប៉ុន។
«ហើយរឿងនេះខ្ញុំ គួរតែរំឮកពេលនោះខ្ញុំបានគាំទ្រយ៉ាងខ្លាំងជាមួយហ្នឹងតួនាទីរបស់ជប៉ុន ក្នុងការរក្សាសន្តិភាព ខ្ញុំនេះត្រូវបានក្លាយទៅជាគោលដៅនៃការ វ៉ៃប្រហាររបស់កាសែត អាកាហាតា ជាសារព័ត៌មានរបស់គណបក្សកំមុយនីស្តជប៉ុន តាមសួរខ្ញុំដល់រដ្ឋធានីវ៉ាស៊ីនតោន ពេលហ្នឹងអាល់កាស៊ី ស្នើខ្ញុំទៅវ៉ាស៊ីនតោន ទៅជួបខាងភាគីអាមេរិក ដើម្បីចលនាឱ្យអាមេរិក ចូលរួមចំណែកផ្តល់ថវិកាឱ្យអ៊ុនតាក់...! រួចហើយមកដល់ពោធិ៍ចិនតុង មានអាកាហាតា មកតាមសួរខ្ញុំដល់ពោធិ៍ចិនតុងទៀត»។ នេះជាការរំឮកបន្ថែមរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាមួយនឹងការចូលរួមចំណែកនាំមកនូវសន្តិភាពជូនមាតុភូមិកម្ពុជា បូកទាំងការបញ្ជូនកងរក្សាសន្តិភាពលើកដំបូងរបស់ខ្លួនមកកាន់កម្ពុជានាពេលនោះ ក្នុងឆ្នាំ១៩៩២ រដ្ឋាភិបាលជប៉ុន បានរៀបចំកងអង្គរក្សជាច្រើន ដើម្បីមកការពារសុវត្ថិភាពរបស់សម្តេចរួមទាំងអាវក្រោះ សម្រាប់ត្រៀមបម្រុងនៅពេលមានបញ្ហាណាមួយកើតឡើងជាដើម មិនតែប៉ុណ្ណោះសម្រាប់ចំនួនកងអង្គរក្សដែលជប៉ុន រៀបចំគឺមានចំនួនច្រើនជាងកងអង្គរក្សការពារសម្តេចព្រះបាទ នរោត្តម សីហនុ ទៅទៀត។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅដំណាក់កាលដែលសម្តេចបានគាំទ្រឱ្យកងស្វ័យការពារជប៉ុន ចេញមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា នាពេលនោះ ក៏មានប្រជាជនជប៉ុនមួយចំនួនមិនពេញចិត្តចំពោះការគាំទ្ររបស់សម្តេច។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាជនប៉ុន គប្បីមានមោទនភាពដែលពីតួនាទីរក្សាសន្តិភាពរបស់កងស្វ័យការពារជប៉ុន ចូលរួមចំណែករក្សាសន្តិភាពជាមួយក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា៖ «ខួបលើកទី៣០ឆ្នាំ PKO របស់ជប៉ុននឹងត្រូវបានប្រារព្ធធ្វើនៅក្នុងឆ្នាំ២០២២នេះ ហើយខ្ញុំសន្យាថា នៅពេលដែលនាវាចម្បាំងរបស់ជប៉ុន មកដល់កម្ពុជាខ្ញុំនឹងទៅសួរសុខទុក្ខកងទ័ពជប៉ុននៅលើនាវានោះ ប្រសិនបើមានការយល់ព្រមពីភាគីជប៉ុន»។
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើង ជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុន បានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម៕