(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានបង្ហាញពីបំណងស្នើសុំប្រធានមូលនិធិជំនួយរបស់ជប៉ុន ធ្វើជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីបំណងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងជួបលោក សាក់ សាក់កាវ៉ា នៅថ្ងៃទី៣១ ដែលគាត់ទៅមីយ៉ាន់ម៉ា ១៣១លើក។ ខ្ញុំចង់ស្នើគាត់ ឲ្យធ្វើទីប្រឹក្សាប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីជួយខ្ញុំសម្របសម្រួល ព្រោះគាត់ស្គាល់មីយ៉ាន់ម៉ា សឹងតែគ្រប់ភាគី។ ឥឡូវ គាត់ជាប្រធានមូលនិធិជំនួយជប៉ុន»។
វិបត្តិនៅមីយ៉ាន់ម៉ា បានកើតឡើងបន្ទាប់ពី លោកនាយឧត្តមសេនីយ៍ មីន អោង ឡាំង ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អង់ សានស៊ូជី ក្រោយលទ្ធផលបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំ២០២១។ វិបត្តិដែលបានប៉ះពាល់ដល់តំបន់អាស៊ានទាំងមូលនេះ មិនត្រូវបានដោះស្រាយចេញនោះទេ នៅពេលដែលឥណ្ឌូនេស៉ី ធ្វើជាប្រធានអាស៊ាន ក្រោយគោលការណ៍កុងសង់ស៉ីស ៥ចំណុច មិនត្រូវបានអនុវត្ត ប៉ុន្តែដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា នាសប្តាហ៍មុននេះ ធ្វើឲ្យវឌ្ឍនភាពនៃគោលការណ៍កុងសង់ស៉ីស ៥ចំណុច ចាប់ផ្តើមកើតមាន។
បើតាមសេចក្តីប្រកាសព័ត៌មានរួម រវាងកម្ពុជា និងមីយ៉ាន់ម៉ា បញ្ជាក់ថា វឌ្ឍនភាពធំៗចំនួន២ ដែលគេឃើញមាននោះគឺ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា ខណៈកម្ពុជា-មីយ៉ាន់ម៉ាក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។ បន្ថែមលើនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ក៏បានចេញមុខធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕