Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតសមាជិកព្រឹទ្ធសភាអាមេរិកវ័យ ៩០ឆ្នាំ ប្រកាសថានឹងរៀបការជាមួយបុរសដូចគ្នា

25-04-2016 14:52

(អាមេរិក)៖ លោក Harris Wofford វ័យ ៩០ឆ្នាំ ដែលជាអតីតសមាជិកព្រឹទ្ធសភាអាមេរិកមួយរូប មកពីរដ្ឋ Pennsylvania អំឡុងឆ្នាំ ១៩៩១ ដល់ ១៩៩៥នោះ បានប្រកាសថា លោកនឹងរៀបការ ជាមួយមនុស្សម្នាក់ (បុរស) ដែលមានភេទផ្ទុយនឹងភរិយារបស់លោកកាលពីមុន។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

អតីតសមាជិកព្រឹទ្ធសភាខាងលើនេះបានបន្តទៀតថា លោកមានអារម្មណ៍ថាខ្លួនឯងមានសំណាង នៅពេលដែលខ្លួនអាចរៀបអាពាហ៍ពិពាហ៍ក្នុងលក្ខណៈបែបនេះ។ លោក Wofford បញ្ជាក់ដូច្នេះថា «វាជារឿងមួយ ដែលបង្កប់ដោយស្នេហាដ៏អស្ចារ្យចំនួនពីរ»។ អតីតប្រពន្ធរបស់លោកគឺលោកស្រី Clare បានទទួលមរណភាពកាលពីឆ្នាំ ១៩៩៦ ហើយបច្ចុប្បន្នលោកតាវ័យ ៩០ឆ្នាំទៅហើយនេះ កំពុងតែសាងស្នេហាផ្អែមល្ហែមជាមួយនឹងលោក Matthew Charlton វ័យ ៤០ឆ្នាំ។

លោក Wofford ហាក់មិនបានបញ្ជាក់ថាស្នេហារបស់លោកនេះ វាខុសប្លែក ឬត្រូវបានចាត់ជាជំពូក មនុស្សក្នុងក្រុមណាមួយនោះទេ ព្រោះកាលពីមុនលោកបានទទួលសុភមង្គលពីស្ត្រីដ៏អស្ចារ្យមួយរូប ទៅហើយ ហើយនៅពេលនេះលោកក៏បានរកឃើញ សុភមង្គលជាលើកទីពីរដែរ។

គួរបញ្ជាក់ថាកាលពី ខែមិថុនា ឆ្នាំ២០១៥ តុលាការកំពូលអាមេរិកបានសម្រេច អនុញ្ញាតឲ្យគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ធ្វើការអនុញ្ញាតច្បាប់រៀបការភេទដូចគ្នា ដោយមិនមានការហាមឃាត់ទៀតឡើយ៕