(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់រដ្ឋាភិបាលប្រទេសជប៉ុន ជួយផ្តល់ជំនួយមធ្យោបាយដឹកជញ្ជូន សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអាចនឹងធ្វើឡើងនៅក្នុងពេលខាងមុខនេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីលទ្ធផលសម្រេចបានមួយចំនួន ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះមានទាំងការសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ការសម្របសម្រួលដល់ការផ្តល់ជំនួយ និងការធានាសម្របសម្រួលដល់ប្រេសិតពិសេសប្រធានអាស៊ាន ចុះជួបជាមួយភាគីពាក់ព័ន្ធផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «ខ្ញុំនៅណៃពិដោរ ខ្ញុំបានលើកឡើងថា បើបានជប៉ុនជួយមធ្យោបាយខ្លះដូចជារថយន្តជាដើម ដើម្បីដំណើរការបទឈប់បាញ់ហ្នឹងគឺល្អដែរ ខ្ញុំពឹងទៅលើជប៉ុន ព្រោះជប៉ុន គាត់គាំទ្រណាស់នូវគោលការណ៍សន្តិភាព គោលការណ៍ជំនួយមនុស្សធម៌នេះគាត់គាំទ្រ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា «បើមានក្រុមប្រតិបត្តិការ ទៅ ចង់ឬមិនចង់ត្រូវមានក្រុមដឹកជញ្ជូនទៅ ចូលទៅតំបន់នេះចូលទៅតំបន់នោះ វាត្រូវតែមានមធ្យោបាយដឹកជញ្ជូន ប្រសិនបើអាចបាន វាជាការល្អ»។
សម្តេចបានបន្ថែមថា នេះមិនមែនជាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិទេ ប៉ុន្តែនេះជាប្រតិបត្តិការរបស់អាស៊ាន ក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ហើយក៏មិនមែនជាការជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងនោះឡើយ៕