(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២របស់សាលាភូមិន្ទរដ្ឋបាល សម្រាប់វិញ្ញាសាសរសេរលើកទី២ បានចាប់ដំណើរការហើយនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់រួចរាល់នូវការប្រឡងលើកទី១ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
នៅពេលចាប់ផ្ដើមការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២នាព្រឹកថ្ងៃនេះដែរ ក៏មានការចូលរួមកាត់វិញ្ញាសាជូនបេក្ខជនពីសំណាក់លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគសម្រាប់ដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២នៃសាលាភូមិន្ទរដ្ឋបាល និងដោយមានការចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡងសម្រាប់ដំណើរការនៃការប្រឡងនេះផងដែរ។
ការប្រឡងលើវិញ្ញាសាសរសេរលើកទី២នាថ្ងៃនេះ មានបេក្ខជនសរុបចំនួន២០៣អង្គ/នាក់ (ស្រី៥៧នាក់) ដោយត្រូវបានបែងចែកជា៨បន្ទប់ ហើយការប្រឡងលើវិញ្ញាសាសរសេរនេះ រួមមាន៖
១៖ ឣធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ មានរយៈពេល៣ម៉ោង (ចាប់ពីម៉ោង៨៖០០នាទី ដល់ម៉ោង១១៖០០នាទីព្រឹក)។
២៖ វិញ្ញាសាជំនាញរដ្ឋបាលសាធារណៈ សេដ្ឋកិច្ចហិរញ្ញវត្ថុ នីតិឣន្តរជាតិសាធារណៈ និងទំនាក់ទំនងឣន្តរជាតិ មានរយៈពេល៣ម៉ោង (ចាប់ពីម៉ោង១៖០០នាទី ដល់ម៉ោង៣៖០០នាទីរសៀល)។
៣៖ ដោះស្រាយបញ្ហាតាមករណីសិក្សា មានរយៈពេល២ម៉ោង (ចាប់ពីម៉ោង៣៖៣០នាទីរសៀល ដល់ម៉ោង៥៖៣០នាទីល្ងាច)។ ការប្រឡងនេះត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយមានកិច្ចសហការចូលរួមពីកម្លាំងសរុបនៃស្ថាប័នពាក់ព័ន្ធ និងផ្នែកអប់រំ សុខាភិបាល ដើម្បីសម្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ធានាបានសុវត្ថិភាពបង្ការជំងឺកូវីដ-១៩តាមវិធានការសុខាភិបាល។
នៅចំពោះមុខបេក្ខជនដែលបានមកចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ លោក ព្រុំ សុខា បានសម្តែងនូវការឣបឣរសាទរចំពោះលទ្ធផលរបស់បេក្ខជនទាំងឣស់ ដែលមានសមត្ថភាពអាចមកបន្តនៅក្នុងការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២ នៅសាលាភូមិន្ទរដ្ឋបាល។
លោកមន្រ្តីបានបញ្ជាក់ថា ក្នុងការប្រឡងនេះ ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ និងត្រឹមត្រូវបំផុត ក្នុងនោះមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងប្រធាន-អនុប្រធាន សមាជិក-សមាជិកានៃអនុគណៈកម្មការនានាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២នៃសាលាភូមិន្ទរដ្ឋបាល មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមកពីបណ្តាសាកលវិទ្យាល័យនានាផងដែរ។
ក្នុងការប្រឡងនេះ ចំពោះវិញ្ញាសានីមួយៗគឺបានរៀបចំធ្វើឡើងភ្លាមៗតែម្តង ដោយមិនមានការធ្វើទុកមុនឡើយ ហើយក្នុងដំណើរការនៃការរៀបចំចងក្រងធ្វើវិញ្ញាសានេះ ក៏មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោក ព្រុំ សុខា បានណែនាំដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពនូវរាល់ចំណេះដឹងដែលខ្លួនមាន ហើយសូមជឿទុកចិត្តលើការរៀបចំរបស់ក្រសួងមុខងារសាធារណៈ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល។ សម្រាប់បេក្ខជនដែលចូលរួមនៅក្នុងការប្រឡងប្រជែងនេះ គឺនឹងទទួលបាននៅភាពសុក្រឹត្យ ត្រឹមត្រូវ និងយុត្តិធម៌ ដោយនៅក្នុងដំណាក់កាលនីមួយៗនៃការប្រឡង ចាប់តាំងពីដំណាក់កាលទី១រហូតដល់ដំណាក់កាលនៃការប្រកាសលទ្ធផលចុងក្រោយ គឺសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញអង្គភាពប្រឆាំងអំពើពុករលួយ តំណាងមកពីសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា មកចូលរួមសង្កេតការណ៍ផងដែរ មានន័យថា «អ្នកចេះគឺប្រឡងជាប់»៕