(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះការក្លែងរូបភាពប្រមាថដល់ លោក ហ៊ុន ម៉ាណែត ដែលជាបងប្រុសបង្កើតរបស់លោក។
ប្រតិកម្មរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានហ្វេសប៊ុកមួយឈ្មោះ «ស៊ីដា មាស» បានកែច្នៃរូបបងប្រុសរបស់លោក ដោយកាត់តជាមួយមួករបស់ទាហានវៀតណាម ហើយបង្ហោះនៅក្នុងក្រុមមួយឈ្មោះ ភ្នែកខ្មែរ ។
តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានលើកឡើងថាយ៉ាងដូច្នេះថា« នេះគឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ វាជាការប្រមាថហួសហេតុមកលើក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសឪពុកម្តាយ បងប្រុស និងបងប្អូនរបស់ខ្ញុំ។ តើនេះជាឥរិយាបទដែលខ្មែរ និងបរទេសមួយចំនួនគាំទ្រ ឬយ៉ាងណា?»៕