(ត្បូងឃ្មុំ)៖ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ លោក ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បានសួរសុខទុក្ខ និងប្រគល់អណ្តូងទឹកស្អាតចំនួន២អណ្តូង ព្រមទាំងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារផងដែរ នៅក្នុងភូមិអង្គរជពោធិឥន្ទទី១ ភូមិកន្តួត ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
កម្មវិធីនេះក៍មានការចូលរួមពីលោក ខាត់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមបេសកកម្មដំណឹងល្អ ព្រមទាំងមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាឃុំកោងកាងជាច្រើននាក់ផ្សេងទៀត។
នៅក្នុងឱកាសជួបសំណេះសំណាលនេះលោក ឆាយ វណ្ណា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរក្នុងពេលកន្លងមក និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពព្រមទាំងបានថ្លែងអំណរគុណដល់សមាគមបេសកកម្មដំណឹងល្អដែលបានជួយជីកអណ្តូងទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ជាច្រើនកន្លែងតាមបណ្តាខេត្តដែលឆ្លើយតបតាមតម្រូវការរបស់បងប្អូននៅតាមមូលដ្ឋាន។
លោកឆាយ វណ្ណា ក៏បានលើកឡើងពីគុណបំណាច់នៃសុខសន្តិភាពដែលរកបានដោយលំបាកលំបិន និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោហ៊ុន សែន ដែលដឹកនាំនាវាកម្ពុជាវិបាតដៃទទេរហូតដល់មានការរីកចម្រើនមានការអភិវឌ្ឍ សេដ្ឋកិច្ចលូតលាស់ មានស្ថេរភាព និងបន្តរីកចម្រើនទៅមុខជាលំដាប់។
បន្ថែមលើសនេះលោក ឆាយ វណ្ណា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេដែលអាចរក្សាបាននូវសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខជាលំដាប់៕