(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកពញាក្រែក ជំរុញឱ្យមន្រ្តី CPP ត្រូវមានអកប្បកិរិយាល្អ គុណធម៌ សីលធម៌ និងសុជីវធម៌ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋកុំឱ្យមានការរើសអើងបក្ខពួក ដើម្បីសង្គមជាតិបានរីកចម្រើនបន្តទៅមុខកាន់តែល្អប្រសើរឡើង។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំកោងកាង ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ នារសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ លោក វង សូត បានថ្លែងថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺជាស្ថាបនិកនៃថ្ងៃជ័យជំនះ៧មករា និងនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអវិឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់ប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។
លោក វង សូត បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន។ ការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជន គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
លោក វង សូត បានថ្លែងកោតសរសើរដល់សមាជិក-សមាជិកាគណបក្សឃុំទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបំពេញការងាររបស់ខ្លួនបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារបានក្រើនរំឭកសូមឱ្យមន្រ្តីទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាពិសេសត្រូវមានអកប្បកិរិយាល្អ សីលធម៌ល្អ សុជីវធម៌ និងមានគុណធម៌ក្នុងកិច្ចការបម្រើជាប្រជាពលរដ្ឋ ហើយត្រូវខិតខំសម្រេចអោយបានតាមផែនការសកម្មភាពអភិវឌ្ឍឃុំសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ដើម្បីគណបក្ស ប្រជាជន ឃុំយើង និងសង្គមជាតិទាំងមូល៕