(ព្រះសីហនុ)៖ លោក ជាំង ហុងគុន អនុប្រធានសភាប្រជាជន ខេត្តជាំងស៊ូ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ បានដឹកនាំប្រតិភូចិនអញ្ជើញចូល ជួបលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។
លោក យន្ត មីន បានគាវរកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ ព្រមទាំងជម្រាបជូនភ្ញៀវអំពីភាពរីកចំរើន និងសក្តានុពលខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។
លោកអភិបាលខេត្តបានជម្រាបជូនភ្ញៀវថា បច្ចុប្បន្ននេះ គឺជាឱកាសមាសមួយសម្រាប់ អ្នកវិនិយោគទាំងឡាយ ដែលចង់មកវិនិយោគ នៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ព្រោះអចលនទ្រព្យមិនទាន់ មានតម្លៃខ្ពស់នៅឡើយ កម្លាំងពលកម្មក៏មានតម្លៃ សមរម្យសម្រាប់ការបម្រើការងារ ធានាបាននូវសន្តិសុខ សុវត្ថិភាព និងការគាំពារ គាំទ្រពីរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្ត ព្រះសីហនុផ្ទាល់។
ឆ្លើយតបទៅនឹងសំណូមពរ របស់សភាប្រជាជន អាជ្ញាធរ និងអ្នកវិនិយោគមកពីខេត្តជាំងស៊ូ ដែលចង់ឲ្យមានជើងហោះហើរត្រង់ពី ខេត្តជាំងស៊ូ មកកាន់ព្រលានយន្តហោះ កងកេងខេត្តព្រះសីហនុ និងមួយវិញទៀត ស្នើសុំឲ្យមានការពន្យារទិដ្ឋការ របស់ប្រជាជនចិន ឲ្យបានយូរចាប់ពី៣ខែ ទៅ៦ខែ ដើម្បីអាជ្ញាធរខេត្តជាំងស៊ូ ងាយស្រួលក្នុងការនាំទេសចរណ៍ជនជាតិចិន មកកំសាន្តនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាកម្ពុជាទាំងមូល ក្នុងនាមរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបញ្ជាក់ថា «យើងខ្ញុំរីករាយនឹងស្វាគមន៍ ចំពោះភ្ញៀវទេសចរណ៍ដែលចង់ មកកំសាន្ត នៅខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា និងរៀបចំឲ្យមានជើងហោះហើរត្រង់ មកកាន់ខេត្តព្រះសីហនុ នាពេលឆាប់ៗ ខាងមុខនេះ។ នេះជាឱកាសជំរុញឲ្យមាន ការអភិវឌ្ឍន៍ទំនាក់ទំនង រវាងការវិនិយោគខេត្តជាំងស៊ូនិងខេត្តព្រះសីហនុរីកចំរើនកាន់តែ ស្អិតរមួល ថែមទៀត»។
លោក ជាំង ហុងគុន អនុប្រធានសភាប្រជាជនខេត្តជាំងស៊ូ ថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងមន្ត្រីសាលាខេត្តដែលបានទទួល ស្វាគមន៍លោក និងគណៈប្រតិភូ ដោយភាពរីករាយ និងកក់ក្តៅ។
លោកសង្កេតឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការរីកចំរើន កាន់តែល្អ ជាពិសេសរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ តាមរយៈការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានក្លាយ ជាស្ពានភ្ជាប់ទំនាក់ទំនង រវាងខេត្តទាំងពីរកាន់តែប្រសើរទ្វេឡើង ទាំងវិស័យសេដ្ឋកិច្ច សុខាភិបាល ទេសចរណ៍ វិស័យអប់រំ និងវិស័យនានា ផ្សេងៗទៀត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ប្រទេសទាំងពីរបន្ថែមទៀត។
លោកបញ្ជាក់ទៀតថា នៅខេត្តជាំងស៊ូ មានប្រជាជនជាង៧៩លាននាក់ កំរិតជីវភាពរបស់គាត់ក៏ល្អប្រសើរច្រើន ហើយខេត្តព្រះសីហនុ ក៏មានសក្តានុពលទេសចរណ៍នោះ លោកជឿជាក់ថាប្រជាជនរបស់លោក នឹងមកធ្វើទេសចរណ៍ នៅទីនេះកាន់តែច្រើនឡើង ហើយនៅពេល ត្រឡប់ទៅវិញ លោកនឹងផ្សព្វផ្សាយឲ្យប្រជាជនរបស់ខេត្តលោក បានស្គាល់ពីខេត្តនេះកាន់តែច្បាស់ និងនាំអ្នកទេសចរណ៍ មកទស្សនានៅខេត្តនេះ ថែមទាំងជម្រុញអ្នកវិនិយោគជនជាតិចិន ឲ្យមកវិនិយោគនៅក្នុងខេត្ត ក៏ដូចជានៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុឲ្យបានកាន់តែច្រើន និងសូមឲ្យអាជ្ញាធរខេត្តនៅតែបន្តគាំទ្រ និងគាំពារដល់តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដើម្បីកិច្ចសហការរវាងខេត្តទាំងពីរ ដំណើរការកាន់តែប្រសើរឡើង ៕