កម្ពុជានឹងដាក់តំបន់ព្រៃ ៥កន្លែងសរុបផ្ទៃដីជិត ១លានហិកតា ទៅជាតំបន់អភិរក្ស
25-04-2016 13:48
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ឆាប់ៗខាងមុខនេះ នឹងចុះបញ្ជីតំបន់ព្រៃចំនួនប្រាំកន្លែង ដែលមានផ្ទៃដីសរុប៩៥០,០០០ហិកតា នៅក្នុងប្រទេស ទៅជាតំបន់អភិរក្សព្រៃឈើ។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។
លោក សាយ សំអាល់ បានថ្លែងឲ្យដឹងថា តំបន់ព្រៃអភិរក្សថ្មីៗចំនួនប្រាំកន្លែងនោះ គឺមានដូចជា តំបន់ព្រៃឡង់ដែលស្ថិតនៅក្នុងខេត្ត កំពង់ធំ ក្រចេះ ស្ទឹងត្រែង, ព្រៃក្រវ៉ាន់ខាងត្បូងនៃខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ, ព្រៃរកានៅក្នុងខេត្តព្រះវិហារ, ព្រៃសៀមប៉ាងខាងលិច នៃខេត្តស្ទឹងត្រែង និង ព្រៃវ៉ឺនសៃ នៃខេត្តស្ទឹងត្រែង និងរតនៈគីរី។
លោករដ្ឋមន្ត្រីបរិស្ថាន បានបញ្ជាក់ដូច្នេះទៀតថា «វាពិតជាបង្ហាញច្បាស់ណាស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការការពារ និងអភិរក្សព្រៃឈើ ព្រមទាំងជីវៈចំរុះទាំងឡាយ»។ គម្រោងការខាងលើនេះ ត្រូវបានសិក្សាអស់រយៈពេលពីរឆ្នាំកន្លះមកហើយ មុននឹងធ្វើការសម្រេចចិត្ត ដាក់ព្រៃទាំងនោះ ឲ្យក្លាយទៅជាតំបន់ព្រៃការពារនោះ។
គួរបញ្ជាក់ថា តំបន់ព្រៃទាំងប្រាំខាងលើនេះ ពីដើមឡើយត្រូវបានគ្រប់គ្រងដោយ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែនៅពេលនេះព្រៃទាំងនោះត្រូវបានប្រគល់ឲ្យ ក្រសួងបរិស្ថានដើម្បី គ្រប់គ្រងនិងអភិរក្ស៕