(ភ្នំពេញ)៖ មន្រ្តីយោធាម្នាក់ពាក់ស័ក្តិ៤កន្លះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញចេញដីកាឃុំខ្លួន ក្រោមបទចោទប្រកាន់ឆបោក ពាក់ព័ន្ធទឹកប្រាក់ចំនួន៥៨៥០ដុល្លារ ដែលជននេះបានសន្យារត់ការនាំជនរងគ្រោះចូលធ្វើកងទ័ព ប៉ុន្តែមិនបានសម្រេច។
ជនត្រូវចោទត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ក្រោយពីបានប្រព្រឹត្តនៅរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែមីនា និងនៅថ្ងៃបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០១៦នេះ។ មន្រ្តីយោធារូបនេះមានឈ្មោះ ខឹម ខាំឌឿន អាយុ៦០ឆ្នាំ មុខងារជាទីប្រឹក្សាអគ្គបញ្ជាការដ្នានកងយោធពលខេមរភូមិន្ទ ស្នាក់នៅផ្ទះលេខ៥៩E0 ផ្លូវលេខ៤៦៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។ ជនជាប់សង្ស័យត្រូវបានកម្លាំងសមត្តកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ កែវ ចាន់បុត្រ ប្តឹងពីបទឆបោកលើទឹកប្រាក់សរុប៥.៨៥០ដុល្លារ។ នៅក្នុងអំឡុង ខែមីនាឆ្នាំ២០១៦ ឈ្មោះ ខឹម ខាំឌឿន បានអូសទាញឈ្មោះ កែវ ចាន់បុត្រថា ឲ្យចូលបម្រើកងទ័ព ដើម្បីបានឈ្មោះនៅក្នុងក្របខណ្ឌរដ្ឋ និងទទួលបានឋានន្តរស័ក្តិខ្ពង់ខ្ពស់ថែមទៀតផង។ ដោយសារការប៉ិនប្រសព្វលួងលោមពីសំណាក់លោកស័ក្តិ៤កន្លះរួចមក ឈ្មោះ កែវ ចាន់បុត្រ ក៏យល់ព្រមឲ្យរត់ការឲ្យ។ ពេលយល់ព្រមហើយឈ្មោះ ខឹម ខាំឌឿន តម្រូវយកប្រាក់១,០០០ដុល្លារមុន ដើម្បីយកទៅរៀបចំឯកសារដាក់ចូលរដ្នបាល។ ប្រាក់១,០០០ដុល្លារនេះ ភាគីទាំងពីរបានប្រគល់ និងទទួលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ដែលមានសាក្សីគឺលោក ឡុង ប៊ុនខុម ដឹងឮ ។ លុះថ្ងៃទី១៤ ខែមីនា ឈ្មោះ ខឹម ខាំឌឿន បានទៅយកលុយពីឈ្មោះ កែវ ចាន់បុត្រ ១,០០០ដុល្លារទៀត។ ក្រោយមកនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ យក២០០ដុល្លារ ថ្ងៃទី២៣ ខែមីនា យក២០០ដុល្លារ ថ្ងៃទី២៦ ខែមីនា យក៣៥០ដុល្លារ ថ្ងៃទី២៧ ខែមីនា យក៣០០ដុល្លារទៀត និងជាហូរហែរតាមកំណត់ហេតុប្រគល់ទទួល។ ក្រោយពេលលោក ខឹម ខាំឌឿន ប្រមូលប្រាក់ជាបន្តបន្ទាប់ពីឈ្មោះកែវ ចាន់បុត្រ សរុប៥,៨៥០ដល្លារ ហើយ លោក ខឹម ខាំឌឿន បានគេចវេសលែងជួបមុខម្ចាស់ប្រាក់ មិនតែប៉ុណ្ណោះថែមទាំងលែងទទួលទូរស័ព្ទទៀតផង។
ដោយមើលឃើញទង្វើរបស់លោក ខឹម ខាំឌឿន មានគំនិតទុច្ចរិតឆបោកយកប្រាក់នោះហើយ ឈ្មោះកែវ ចាន់បុត្រ សម្រេចចិត្ត ដាក់ពាក្យបណ្តឹងចូលទីបញ្ជាការកងរាជអាវុធហត្តរាជធានីភ្នំពេញ រហូតកងរាជធាវុធហត្ថចេញលិខិតអញ្ជើញឲ្យលោកស័ក្តិ៤កន្លះរូបនេះ ចូលខ្លួនបំភ្លឺ ដើម្បីរកដំណោះស្រាយជាមួយដើមបណ្តឹងពោលគឺរកប្រាក់បញ្ចប់រឿង ទីបំផុតយោធារូបនោះ គ្មានប្រាក់សំណងទៅដើមបណ្តឹងទេ ទើបបានកម្លាំងកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជួនលោកស័ក្តិ៤ កន្លះនោះ ទៅសាលាសំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការវិនិច្ឆ័យសេចក្តី។ ចុងក្រោយ ត្រូវបានចោទប្រកាន់ជាផ្លូវការ និងចាប់បញ្ជួនទៅខាងចៅក្រមសម្រេច ឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្តតែម្តងរង់ចាំការបើកសវនាការតាមក្រោយ៕