Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកទំនិញ Fuso ព្រលះជាមួយ Hyundai ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកបាកាន

25-04-2016 13:21

(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១១៖២០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្ដម៉ាក Fuso ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 3A-5825 ជាមួយរថយន្ត Hyundai ពណ៌ស ពាក់ស្លាកលេខប៉ៃលិន 3A-0194 ក្នុងទិសដៅបញ្ច្រាសគ្នា។

សមត្ថកិច្ចបញ្ជាក់ទៀតថា​ នៅមុនកើតហេតុ គេឃើញរថយន្ត Fuso ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ទៅដល់ចំណុចកើតហេតុ បានរ៉េចង្កូតទទឹងផ្លូវ ខណៈនោះក៍បុកជាមួយរថយន្ដ Hyundai ដែលកំពុងបោះពួយយ៉ាងលឿន មកពីកើតបណ្ដាលឲ្យព្រូរថយន្ត Fuso ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ឯអ្នកបើកបរដង្ហើមចង្រិត របួសយ៉ាងធ្ងន់ធ្ងរបំផុត។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ឆន សារុំ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអ្នករងរបួសធ្ងន់ឈ្មោះ អូន វុត្ថា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកអ្នកបើកបររថយន្ត Hyundai មិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ស្រមោល។

រថយន្តបង្កគ្រោះថ្នាក់ទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបាកាន ដើម្បីដោះស្រាយទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក៕