(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកបទពិសោធនៃ ការអនុវត្តនយោបាយឈ្នះឈ្នះ នៅក្នុងប្រទេសកម្ពុជា ដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង។ នេះបើតាមសេចក្តីប្រកាសរួមរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសរួមបានបញ្ជាក់ដូច្នេះថា៖ «សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»

លោកប្រាក់ សុខុន បានលើកឡើងថា «ចំណុចដែលខ្ញុំចង់លើកបន្ថែមដោយមិនមានចែងនៅក្នុងនោះ គឺពាក់ព័ន្ធទៅនឹងការឆ្លើយតបរបស់ លោកនាយឧត្តមសេនីយ៍ មីន អោងឡាំង ចំពោះប្រសាសន៍របស់សម្តេច និងមេរៀន ដែលកម្ពុជាទទួលបាន នៅក្នុងដំណើរការស្វែងរកសន្តិភាព និងផ្សះផ្សារជាតិកន្លងទៅហើយ គឺអ្វីដែលសំខាន់ ដែលជាប្រសាសន៍របស់សម្តេចសង្កត់ធ្ងន់ពេលនោះ គឺ "សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ" នឹងពុំសម្រេចទៅបានទេ ល្គឹកណាគ្មានការចូលរួម ការគាំទ្រ ការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «នេះជាបញ្ហាសំខាន់ បើយើងពិនិត្យថយក្រោយវិញ គឺយើងឃើញប្រវត្តិសាស្រ្តបញ្ជាក់ច្បាស់ថា ខ្វះតែភាគីណាមួយក៏សន្តិភាពពិបាកនឹងរក្សាឱ្យមានឋិតឋេផងដែរ»

នយោបាយឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩៦ ក្នុងការនាំមកនូវសុខសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា។ ការអនុវត្តនយោបាយឈ្នះឈ្នះនៅក្នុងប្រទេសកម្ពុជា បានទទួលជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិ។

នយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្រ្តរបស់អ្នកនយោបាយរៀបចំឡើងដោយ គ្មានអ្នកចាញ់ គឺមានតែអ្នកឈ្នះទាំងអស់គ្នាដែលរដ្ឋាភិបាលស្របច្បាប់ក៏បានទទួល ហើយខាងកម្ពុជាប្រជាធិបតេយ្យ ក៏បានទទួលផងដែរ។ ក្នុងនយោបាយឈ្នះឈ្នះត្រូវមានសម្បទានគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដែលអ្នកយុទ្ធសាស្រ្តត្រូវសុខចិត្តប្រត្តិបតិ្តដោយស្មោះត្រង់គ្មានការលាក់លៀម និងដោយជំនឿទុកចិត្តគ្នាទៅវិញទៅមក។

នយោបាយឈ្នះ-ឈ្នះ ក៏មានការប្រើប្រាស់យុទ្ធសាស្រ្ត ឌីហ្វីដ DIFID ផងដែរ ក៏ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងបណ្តាយុទ្ធសាស្រ្តដទៃទៀត ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត ហើយគោលដៅជាយុទ្ធសាស្រ្ត គឺត្រូវសម្រេចឱ្យបាននូវការរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងស្រុងតែម្តង។ ដូច្នេះដើម្បីធ្វើឱ្យភាគីយល់ព្រមក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះសម្រេចបានជោគ ជ័យ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់នូវលក្ខខណ្ឌ៣ ដែលភាគីកម្ពុជាប្រជាធិបតេយ្យបានទទួលយក គឺ៖ ទី១៖ ការធានាអាយុជីវិតនិងរូបកាយ ទី២៖ ធានាអាជីពនិងមុខរបរ ក៏ជាចំណុចដ៏មានសារសំខាន់ខ្លាំងណាស់ និងទី៣៖ គឺការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និងអចលនទ្រព្យផងដែរ។

នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក មីន អោងឡាំង, ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោកផងដែរ៕