(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតំបន់ភ្នំ និងមាត់សមុទ្រ ដែលសម្បូរទៅដោយមូសដែកគោលញី។ ពិធីប្រារព្ធទិវាជាតិនេះ មានការចូលរួមក្រោមអធិបតីភាពលោក ផុន លិវិរៈ អភិបាលរងខេត្តកោះកុង លោកវិជ្ជ ទៅ ម៉ុង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងមន្រ្តីក្រោមឱវាទ ព្រមទាំងមានការចូលរួមពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។
នៅក្នុងឱកាសនេះដែរ លោកវេជ្ជ ពិន សាវ៉ាត អនុប្រធាមន្ទីរ និងជាប្រធានប្រតិបត្តិស្រុកស្មាច់មានជ័យបានរាយការណ៍ អំពីការទប់ស្កាត់ជម្ងឺគ្រុនចាញ់ឆ្នាំ២០១៥ ដោយបានប្រាប់ថា ក្នុងឆ្នាំ២០១៥ មន្ទីរសុខាភិបាលខេត្តកោះកុង បានព្យាបាលជម្ងឺគ្រុនចាញ់ស្រាលគ្រប់ប្រភេទមាន១៩៥ករណី ព្យាបាលដោយសេវាសាធារណៈ១២៨ករណី និងព្យាបាលដោយអ្នកស្ម័គ្រចិត្តគ្រុនចាញ់ភូមិ៦៧ករណី ដែលមានជម្ងឺមួយចំនួនរួមមាន៖ ប្លាស្មូឌីយ៉ូម ហ្វាល់ស៊ីបារ៉ូម៤៥ករណី វីវ៉ាក់៧៤ករណី មិច៧៦ករណី និងបានផ្ដល់ម៉ុងជ្រលក់ថ្នាំជូនប្រជាពលរដ្ឋចំនួន១៧,៩៨០ម៉ុង ម៉ុងអង្រឹង៧៨០០ម៉ុង ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃភ្នំ និងតំបន់មាត់សមុទ្រដែលសម្បូរមូសដែកគោលញី។ ក្នុងឱកាសនេះផងដែរលោក ផុន លិវិរៈ អភិបាលរងខេត្ត បានឱ្យដឹងថា លោកមានក្ដីរីករាយដែលមន្ទីរសុខាភិបាលខេត្តកោះកុង បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ថ្ងៃនេះ ក្រោមប្រធានបទ«បញ្ចប់ជម្ងឺគ្រុនចាញ់ អភិវឌ្ឍសហគមន៍»។ លោកមានការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលខេត្ត គ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ តាមរយៈការព្យាបាល និងបែងចែកម៉ុងជ្រលក់ថ្នាំជូនដល់ប្រជាពលរដ្ឋ និងធ្វើការអប់រំអំពីការការពារកុំឲ្យមូសដែកគោលញីខាំ តាមរយៈលោកគ្រូពេទ្យ និងអ្នកស័្មគ្រចិត្តតាមភូមិផង។ លោកអភិបាលរងខេត្ត ក៏បានអំពាវរនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំឲ្យមូសដែកគោលញីខាំ។
តាមរបាយការណ៍របស់លោកវេជ្ជ ពិន សាវ៉ាត អនុប្រធានមន្ទីរសុខាភិបាលស្តីពីស្ថានភាពជម្ងឺគ្រុនចាញ់ក្នុងខេត្តកោះកុង ក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានការថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុខៗ។ នៅចុងកម្មវិធី មន្ទីរសុខាភិបាលបានដាក់សំណួរទាក់ទងនឹងការទប់ស្កាត់ជំងឺគ្រុនចាញ់ និងផ្តល់រង្វាន់ដល់អ្នកដែលឆ្លើយត្រូវ ដើម្បីស្ទង់មតិ និងការយល់ដឹងរបស់អ្នកចូលរួម ហើយបានបង្ហោះប៉ោៗជានិមិត្តសញ្ញានៃភាពជោគជ័យក្នុងការប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់៕