(ភ្នំពេញ)៖ ជនចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន១០នាក់ ត្រូវបានកម្លាំងល្បាតប៉ុស្ដិ៍ជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនរួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦នេះ បន្ទាប់ពីឃាត់ខ្លួន ហើយឆែករកឃើញថ្នាំញៀន៥កញ្ចប់ ព្រមទាំងដកហូតមធ្យោបាយធ្វើដំណើរមានម៉ូតូចំនួន៤គ្រឿងផងដែរ។
ជនសង្ស័យទាំង១០នាក់ ត្រូវបានបង្ក្រាប និងចាប់ខ្លួន នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវ ជាតិលេខ៦A ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
មន្រ្តីនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនសង្ស័យទាំង១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ខណៈដែលកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ និងកម្លាំងនគរបាលខណ្ឌ បន្តយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ប្រទះឃើញ កំពុងបើកជិះម៉ូតូ៤គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦A ដោយកម្លាំងសមត្ថកិច្ចមានការសង្ស័យបានធ្វើការឃាត់ និងឆែកឆេររកឃើញថ្នាំញៀន ជាប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ ដែលបក្ខពួកទាំងនោះបានរក្សាទុក ជាប់និងខ្លួនដើម្បីធ្វើសកម្មភាពប្រើប្រាស់រួមគ្នា ទើបកម្លាំង សម្រចធ្វើការឃាត់ខ្លួនតែម្ដង ព្រមទាំងដកហូតនូវមធ្យោបាយធ្វើដំណើររបស់ក្រុមជនសង្ស័យមានម៉ូតូចំនួន៤គ្រឿងផងដែរ។
សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនទាំង១០នាក់ មកឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រយះពេល២ថ្ងៃមកហើយនោះនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះក្រុមជនសង្ស័យទាំង១០នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់៕