(បាត់ដំបង)៖ លោក ប៊ុន ហុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានក្រើនរំឮកដល់មន្រ្តីមូលដ្ឋានទាំងអស់ត្រូវមានអកប្បកិរិយាល្អ សីលធម៌ល្អ និងមានគុណធម៌ ក្នុងកិច្ចការ បម្រើជាប្រជាពលរដ្ឋ ហើយត្រូវខិតខំសម្រេចឱ្យបានតាមផែនការសកម្មភាពអភិវឌ្ឍឃុំ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ដើម្បីគណបក្ស ប្រជាជន ឃុំ និងសង្គមជាតិទាំងមូល។
ការក្រើនរំឮកបែបនេះរបស់លោក ប៊ុន ហុន បានធ្វើឡើងនៅក្នុងឱកាស លោកដឹកនាំការប្រារព្ធអង្គសន្និបាតដើម្បីត្រួតពិនិត្យសកម្មភាពការងារក្នុងមូលដ្ឋានរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំកន្លងមក (២០១៧-២០២២) និងដាក់ចេញផែនការសកម្មភាពអភិវឌ្ឍន៍ឃុំគាស់ក្រឡសម្រាប់រយៈពេល ៥ឆ្នាំបន្តទៀត (២០២២-២០២២) របស់គណៈកម្មាធិការគណបក្សឃុំគាស់ក្រឡ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិក-សមាជិកា គណៈកម្មាធិការបក្សឃុំគាស់ក្រឡ សរុបប្រមាណជាង ២១០នាក់ ដោយអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ផងដែរ។
នាឱកាសនោះប្រធានក្រុមការងារ បានថ្លែងក្នុងអង្គពិធីនោះថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺជាស្ថាបនឹកនៃថ្ងៃជ័យជម្នះ ៧មករា និងនយោយបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថេរភាពពេញលេញ និងការអវិឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដល់ប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។
លោក ប៊ុន ហុន បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន។
បន្ថែមពីនេះ លោក ប៊ុន ហុន បានកោតសរសើរដល់សមាជិក សមាជិកា គណបក្សឃុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបំពេញការងាររបស់ខ្លួនបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕