(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់កាបក្សឃុំភ្នំសំពៅ មានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ អាណត្តិទី៤ និងលើកទិសដៅកម្មវិធីនយោបាយអភិវឌ្ឍន៍៥ឆ្នាំ (២០២២-២០២៧) របស់

គណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីលោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សស្រុក ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំភ្នំសំពៅស្រុកបាណន់ដោយមានការចូលរួមពីអនុប្រធានក្រុមការងារ ក្រុមការងារចុះជួយឃុំ សមាជិក សមាជិកាបក្ស ថ្នាក់ឃុំភូមិទាំង១០សរុប ជាង៣០០នាក់។

តំណាងបក្សឃុំ និងរដ្ឋបាលឃុំ បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារកសាង និងអភិវឌ្ឍន៍ឃុំរបស់គណបក្សរយ:ពេល៥ឆ្នាំកន្លងមក និងលើកទិសដៅផែនការ៥ឆ្នាំបន្ត២០២២-២០២៧ មានការរីកចម្រើនខ្លាំងរួចមក។

លោក ហែម ថេង បានថ្លែងថា រយ:ពេលកន្លងមក គណបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ដែលមានរូបលោកជាប្រធាន បានកសាង និងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ទាំងការងារបក្ស ការងារមនុស្សធម៌ សម្រាប់ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ជនទីទាល់ក្រឥតទីពឹងព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការកសាង សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្លូវថ្នល់ថ្មី និងជួសជុលផ្លូវនៅតាមភូមិនានាជីកប្រឡាយបង្ហូរទឹក ស្ពានដែកតូចធំ និងកសាងសមិទ្ធិផលបានជាច្រើនទៀតជូនប្រជាពលរដ្ឋទុកប្រើប្រាស់ជាប្រយោជន៍សាធារណ:ក្នុងឃុំទាំងមូល និង ការងារសន្តិសុខភូមិឃុំមានសុវត្តិភាពផងដែរ។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ក្នុងពេលជម្ងឺកូវីដ១៩កន្លងមក ដែលបានផ្ទុះនាចុងឆ្នាំ២០១៩មក ក្នុងនាមបក្សឃុំ តែងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញសុខាភិបាល និងបានចាក់វ៉ាក់សាំងការពារកូវីដ តាំងពីដូសទី១ និងដល់ដូសទី៣ ជាដូសជំរុញជូនប្រជាពលរដ្ឋមូលដ្ឋានតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំកំពូលមានការឈ្លាសវៃ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន, ក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្រុកឃុំ បានអនុវត្តប្រកបដោយជោគជ័យនិងផ្សព្វផ្សាយពីវិធីការពារកុំឲ្យឆ្លងកូវីដ នៅតាមសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់មន្រ្តីសុខាភិបាល «៣កុំ និង៣ការពារ ហើយបច្ចុប្បន្ននេះ បានធ្វើឲ្យការឆ្លងកូវីដ មានការថយចុះធ្វើឲ្យប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្តក្នុងការបើកឡើងវិញនូវអាជីវកម្ម ដើរហើរជិតឆ្ងាយឡើងវិញ ក្នុងន័យថា យើងត្រូវប្រុងប្រយ័ត្នជានិច្ចនូវការ ការពាររោគឆ្លងរោគបានឡើយ។

លោក ហែម ថេង បានផ្តាំផ្ញើសមាជិកសមាជិកាបក្សឃុំភ្នំសំពៅទាំងអស់ថា «យើងទាំងអស់គ្នា ត្រូវខិតខំធ្វើការងារបក្សឃុំឲ្យកាន់តែបានល្អបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសប្បាយចិត្តដោយបេះដូងមានភាពស្និទ្ធ ស្នាល ស្រលាញ់គាំទ្រគណបក្សកន្លងមកក៏ដូចជាទៅអនាគត គឺដោយពួកគាត់គាំទ្របក្ស តាមរយៈការបោះឆ្នោតស្របពេលឆ្នាំ២០២២នេះ ជាឆ្នាំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងឆ្នាំ២០២៣បោះឆ្នោតជ្រើសរើសតំណាង រាស្រ្តអាណត្តិទី៧ខាងមុខ ឲ្យពួកគាត់បោះឆ្នោតគាំទ្រទទួលបានជ័យជម្នះជូនបក្សដូចគាំទ្រជូនសម្តេចជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែមានការរីកចម្រើនបន្ថែមទៀតផងដែរ»

ក្នុងអង្គសន្និបាតនេះ លោកប្រធានបានអនុញ្ញាតឲ្យសមាជិកបក្សម្នាក់ៗបានឡើងមានមតិយោបល់ ព្រមទាំងមានការគាំទ្រពេញទំហឹងលទ្ធផលការងារ៥ឆ្នាំបក្ស អាណត្តិទី៤ និងគាំទ្រផែនការ៥ឆ្នាំ ជាអាណត្តិបន្តទៀត។

អង្គសន្និបាតនេះដែរ ប្រធានក្រុមការងារបានប្រកាសសមាសភាពក្រុមប្រឹក្សាឃុំអាណត្តិថ្មីជាផ្លូវការ សរុបចំនួន២០រូបក្នុងនោះមានបេក្ខភាពពេញសិទ្ធ៩រូប និងបម្រុង១១រូប ដែលត្រូវឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សាឃុំអាណត្តិថ្មី២០២២ផងដែរ៕