(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះលើកស្លាកសញ្ញាគណបក្ស នៅស្នាក់ការគណបក្សស្រុក និងនៅតាមឃុំទាំង៨ ព្រមទាំងជួបជុំហូបអាហារសាមគ្គីជាមួយនិវត្តន៍ជនចំនួន១៦០នាក់ ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ខួបលើកទី៤៣ នៃការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក សុខ សាន្តតារ៉ា បានថ្លែងថា «ការលើកស្លាកគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះ ៧ មករា ជាទិវាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋកម្ពុជាយើង មិនអាចបំភ្លេចបាន ជាថ្ងៃកំណើតទី២ ដែលបានរំដោះប្រជាជនកម្ពុជា និងប្រទេសជាតិ ឱ្យរួចផុតពីរបបវាលពិឃាតដ៏ខ្មៅងងឹត គឺរបបប្រល័យពូជសាស្រ្តសម្លាប់មនុស្សគ្មានញញឹតដៃ»។
នាឱកាសនោះដែរ ប្រធានគណបក្សស្រុក បានបន្ដថា ប្រទេសជាតិបច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី មានការអភិវឌ្ឍរីកចម្រើន គ្រប់វិស័យពិសេសបានផ្តល់សិទ្ធសេរីភាព ផ្តល់កម្មសិទ្ធស្របច្បាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
លោកសូមផ្តាំផ្ញើដល់កូនខ្មែរជំនាន់ក្រោយៗ កុំភ្លេចថ្ងៃ ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់យើងនិងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ស្របតាមលទ្ធផលរបស់អង្គស្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ និងចូលរួមបោះឆ្នោតជូគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា៕