(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា ជាបេក្ខជនឈរឈ្មោះតំណាងគណបក្សប្រជាជនកម្ពុជា (CPP) នៅមូលដ្ឋានឃុំនីមួយៗ ត្រូវខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព ចំណេះដឹងតាមគោលដៅរបស់គណបក្ស ដែលបានដាក់ជូនក្នុងការចូលរួមគាំទ្របម្រើប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យល្អប្រសើរ។
លោកថ្លែងបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៧-២០២២) និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមកពីគណបក្សប្រជាជនកម្ពុជា ក៏បានដល់មន្ត្រីគណបក្សប្រជាកម្ពុជាទាំងអស់ ត្រូវថែរក្សានូវសមិទ្ធផលនានា ដែលបានកើតចេញពីស្នាដៃ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តរួមគ្នា អភិវឌ្ឍន៍ បន្ថែមទៀត ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោកថ្លែងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ច ទោះបីកាលៈទេសៈណាក៏ដោយ ពោលគឺធ្វើយ៉ាងណា លើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។
លោក រង សូត បានលើកទឹកចិត្តដល់ សកម្មជនបក្សទាំងអស់ ត្រូវមានសមត្ថភាព ចំណេះ ដឹង និងសាមគ្គី ភាពគ្នា ដើម្បីឈានទៅយកជ័យលាភី សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ៕