(បាត់ដំបង)៖ ក្រុមការងារចុះជួយភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារសាខាបក្សភូមិ និងយុវជនស្ម័គ្រចិត្ត ដាំកូនឈើប្រណិតចម្រុះចំនួន២០០ដើម ក្រោមប្រធានបទ «យើងរួមគ្នាស្រឡាញ់ ការពារ និងថែរក្សាបរិស្ថានធម្មជាតិភូមិក្បាលថ្នល់» ដើម្បីចូលរួមអបអរសាទរខួបរយៈពេល៤៣ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ស្ថិតស្ថេរជាអមតៈ (៧ មករា ១៩៧៩-៧ មករា ២០២២)។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុំ ណារិន្ទ តំណាងលោក កែវ រ៉េមី ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយឃុំរកា និងឃុំកំពង់ព្រៀង, លោក ខៀវ តុលា ប្រធានក្រុមការងារចុះជួយឃុំកំពង់ព្រៀង, លោក វ៉ែង មូលីវិភ័ក្ត្រ ប្រធានក្រុមការងារចុះជួយភូមិក្បាលថ្នល់ ព្រមទាំងសមាជិក សមាជិកា ចុះមូលដ្ឋាន ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះ លោក អ៊ុំ ណារិន្ទ បានបញ្ជាក់ថា «សមិទ្ធផលនានាដែលមាននៅថ្ងៃនេះ គឺកើតចេញពីថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានយកចិត្តទុក ដាក់ខ្ពស់លើគ្រប់វិស័យ និងបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កបរិយាកាសដល់ការសហការជាមួយដៃគូនានា ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម»។
សូមបញ្ជាក់ថថា កូនឈើប្រណិតដែលនាំយកមកនាំនាពេលនេះមានចំនួន៦ប្រភេទរួមមាន៖ ទី១៖ កូនបេង ចំនួន៤០ដើម, ទី២៖ កូននាងនួន ចំនួន១០ដើម, ទី៣៖ កូនគគី ចំនួន៣៥ដើម, ទី៤៖ កូនឈើទាល ចំនួន១៥ដើម, ទី៥៖ កូនធ្នុង ចំនួន៥០ដើម និងទី៦៖ កូនគ្រញូង ចំនួន៥០ដើម។
លោក អ៊ុុំ ណារិន្ទ បានឱ្យដឹងទៀតថា ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងកាដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយជំរុញការអភិវឌ្ឍឥតឈប់ឈរនោះ សមិទ្ធផលនានានៅតាមមូលដ្ឋាន ជាច្រើន បានកំពុងកើតចេញជាបណ្តើរៗ មិនថានៅតាមមូលដ្ឋាន ឬតំបន់ដាច់ស្រយ៉ាលនោះឡើយ។
ជាមួយគ្នានេះ ក្រុមការងារចុះមូលដ្ឋានភូមិក្បាលថ្នល់ ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងហើយ និងដល់ពេលវេលាចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) សូមអញ្ជើញទៅទទួល វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា បន្ថែមពីនេះត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល និងអនុវត្តតាមវិធានការ «៣កុំ និង ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕