(ព្រៃវែង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង បានចែកអំណោយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៣ នៃជ័យជម្នះ ៧មករា។
អំណោយទាំងអស់នេះ ជាការផ្ដល់ជូនពីលោកស្រី សុផាត តារារតនា, លោក ចាន់ ពុទ្ធា និងលោកស្រី ប៊ុន ស្រីល័ក្ខ។ ក្នុងនោះប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលមានជីវភាពក្រីក្រ និងចាស់ជរា ជាអ្នកដែលទទួលបានអំណោយនេះ។
ក្នុងឱកាសចុះចែកអំណោយដល់ជនក្រីក្រ និងប្រារព្ធខួបលើកទី៤៣ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករានេះ ក្រុមការងារគណបក្សប្រជាជន បានលើកឡើងថា ទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រឡ័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិឲ្យរស់រានមានជិវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងិតបំផុត ហើយបើកឡើងវិញនូសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជាដើម។
បើតាមក្រុមការងារ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់បងប្អូនខ្មែរទាំងមូល ហើយប្រសិនបើគ្មានថ្ងៃ៧មករានេះ ទេប្រទេសកម្ពុជា ក៏ពុំមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះដែរ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គប្បីត្រូវចង់ចាំជានិច្ចចំពោះទិវាដ៏អស្ចារ្យនេះ។
ក្នុងរយៈពេល៤៣ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា កម្ពុជាបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃមាតុភូមិកម្ពុជា។ ដោយក្តាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រជាជាតិយើងបានជ្រើសរើសយករបបនយោបាយ និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យ ដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្រ្ត ស្ថានភាពសង្គមសេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គ និងការសាកល្បងគ្រប់បែបយ៉ាង និងមិនឱនក្បាលចំពោះការគៀបសង្កត់គំរាមកំហែងនានា។
លើមូលដ្ឋាននេះ បានធ្វើឲ្យមាតុភូមិយើងអាចងើយឈរឡើងវិញ និងឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្តប្រកបដោយមោទនភាពជាដើមនោះ៕