(ស្នួល-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី បានចូលរួមក្នុងកិច្ចប្រជុំការងាររៀបចំសន្និបាតមូលដ្ឋាន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដើម្បីចូលរួមអបអរសាទរឧទ្ទិសដល់ខួបលើកទី៤៣ នៃទិវាជ័យជំនះ «៧ មករា ១៩៧៩ - ៧ មករា ២០២២»។
ពិធីនេះបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នាទីលានវិមានអនុស្សាវរីយ៍ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ ១៩៧៨ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អស់លោកលោកស្រី ជាសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត សមាជិកក្រុមការងារថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានក្រុមការងារ និង អភិបាលស្រុកក្រុងទាំង៧ មេឃុំ មេភូមិ និងមន្រ្តីមូលដ្ឋានជាច្រើននាក់ទៀត សរុបមានអ្នកចូលរួមប្រមាណជាង៤០០នាក់។
បន្ទាប់ពីលោក សាម ណាល់ អភិបាលស្រុកស្នួលបានធ្វើសេចក្តីរាយការណ៍ ពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារតាមជំហានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥រួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានឡើងថ្លែងក្នុងនាមអង្គប្រជុំទាំងមូលនូវការចូលរួមអបអរសាទរយ៉ាងក្លៀវក្លាជាមួយប្រជាជនកម្ពុជានៅទូទាំងប្រទេស រំលឹកខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជំនះ៧មករា ជាថ្ងៃដែលបានរំដោះទឹកដី និងប្រជាជនកម្ពុជា និង ជាការបើកទំព័រសករាជថ្មីនៃសច្ចៈធម៌ប្រវត្តិសាស្រ្ត ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថា «បើគ្មានជ័យជំនះថ្ងៃ ៧មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ»។
លោកប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងគូសបញ្ជាក់ពីគុណតម្លៃនៃការចងចាំ និងការដឹងគុណរបស់ប្រជាជនកម្ពុជាចំពោះពលីកម្មដ៏ខ្ពង់ខ្ពស់របស់បុព្វការីជនយើង ក្នុងបុព្វហេតុវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ដើម្បីសង្គ្រោះប្រជាជាតិ ស្តារកសាងប្រទេសជាតិ បង្រួបបង្រួមជាតិបញ្ចប់សង្គ្រាមដែលជាមូលដ្ឋានគ្រឹះនាំមកនូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាព របស់កម្ពុជានាពេលបច្ចុប្បន្ន និង តទៅអនាគត។
លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងជូនដំណឹងជូនអង្គពិធីទាំងមូលពីលទ្ធផលល្អត្រចះត្រចង់នៃសន្និបាតលើកទី៤៣ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជានកម្ពុជាដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ហើយលោកប្រធានក្រុមការងារក៏បានសំណូមពរដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមសាមគ្គីជាមួយប្រជាជន ដើម្បីថែរក្សាការពារមរតកប្រវត្តិសាស្រ្ត ៧មករា ១៩៧៩ ដែលជាតម្លៃនៃគុណធម៌មនុស្សជាតិ ជាមួយចលនាសកម្មភាពជាក់ស្តែងរៀងៗខ្លួន ក្នុងការបន្តរួមចំណែកយ៉ាងខ្លាំងក្លាការពារសុខសន្តិភាព និងវឌ្ឍនភាពរបស់មាតុភូមិកម្ពុជា ពិសេសចំពោះមុខគឺត្រូវពង្រឹងពង្រីកកំលាំងនយោបាយ និង ប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជ័យជំនះសំរាប់ការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ៕