(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល១ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបប្រល័យពូជសាសន៍ ប៉ុល ពត មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨,៦៣០នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន១៥៦,៤៧៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,១៥១នាក់។
លោករដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
*រាជធានីភ្នំពេញ ៥៥,៨៤២នាក់
*ខេត្តព្រះសីហនុ ១២,៥៨៥នាក់
*ខេត្តសៀមរាប ១០,១៤៨នាក់
*ខេត្តពោធិ៍សាត់ ៩,៨៦៣នាក់
*ខេត្តមណ្ឌលគិរី ៩,៤៩៧នាក់
*ខេត្តបាត់ដំបង ៨,៣៦៥នាក់
*ខេត្តស្ទឹងត្រែង ៨,៣១០នាក់
*ខេត្តកែប ៨,១៣៥នាក់
*ខេត្តកំពត ៨,០៨២នាក់។
បន្ថែមពីនេះលោក ថោង ខុន បានកត់សម្គាល់ថា បើទោះបីថ្ងៃឈប់សម្រាកពិធីបុណ្យឆ្នាំសាកល ទើបតែកន្លងផុតនាសប្តាហ៍កន្លងមក ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែបង្ហាញសញ្ញារឹងមាំ។ ជាក់ស្តែង ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ខ្លួនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរ បានចេញដើរកំសាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។
ជាមួយនឹងចំនួនភ្ញៀវទេសចរដើមកម្សាន្តនេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចរន្តភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បានទៅនាឱកាសឆ្លងឆ្នាំសាកល។
ទន្ទឹមនឹងនេះ លោក ថោង ខុន បានបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋមួយចំនួ បានជ្រើសរើសដើរកម្សាន្តនាចុងសប្តាហ៍នេះជំនួសថ្ងៃឆ្លងឆ្នាំសាកល ដោយសារពួកគាត់បានជ្រើសរើសការជួបជុំក្រុមគ្រួសារជំនួសឱ្យការដើរកម្សាន្ត និងដើម្បីបញ្ចៀសការជួបជុំកកកុញនៅតាមគោលដៅនានានាឱកាសឆ្លងឆ្នាំសាកល»៕