(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានលើកឡើងថា ខួបរយៈពេល៤៣ឆ្នាំ នៃទិវាអនុស្សាវរីយ៍ ៧ មករា ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ ក្រោមការលះបង់សាច់ស្រស់ ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនផ្សេងៗទៀត។

ការថ្លែងបែបនេះរបស់លោក ចាន់ កុលបុត្រ នៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារចំនួន១៩ រូបបន្ថែមទៀត ដើម្បីចុះជួយពង្រឹងការងារបក្សនៅមូលដ្ឋានឃុំពងទឹក ឱ្យកាន់តែល្អប្រសើរថែមទៀត។ ពិធីប្រកាសក្រុមការងារ គណបក្សប្រជាជនឃុំពងទឹកនេះដែរ ក៏មានការចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារ ចុះជួយឃុំពងទឹក ព្រមទាំងលោក លោកស្រី ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ផងដែរ។

លោក រស់ ផារិទ្ធ បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ហើយក៏ជាថ្ងៃប្រកាសក្រុមការងារបន្ថែមទៀត ក្នុងការចុះជួយឃុំពងទឹក។ លោកសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិកាបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ ឱ្យទទួលបាន៧អាសន លើ៧ អាសន នៅមូលដ្ឋានឃុំ។

លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសកម្ពុជា ពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ តួយ៉ាងដូចជាខេត្តស្វាយរៀង មានរោងចក្រសហគ្រាស ជាច្រើនកន្លែងអាចស្រូបយក កម្មករ កម្មការិនីកំពុងបម្រើការងារប្រមាណជាង ៩ម៉ឺននាក់ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូធារផងដែរ។

នាឱកាសនោះដែរ លោក រស់ ផារិទ្ធ ក៏បានស្នើប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែក្សាសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ឱ្យបានគង់វង្ស និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលឱ្យផុសផល។

បន្ថែមពីនេះលោក ចាន់ កុលបុត្រ បានថ្លែងថា «យើងទាំងអស់គ្នា រំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចមហាឧក្រិដ្ឋកម្មដែលរបប ប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងក្នុងស្មារតីចងចាំជានិច្ច គុណូបការៈ ដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបដ៏អប្រិយនេះអាចវិលត្រឡប់មកជាថ្មីវិញបាន។

ព្រមជាមួយនេះ យើងទាំង អស់គ្នាសូមលំឱនកាយគោរព ឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ជនរួមជាតិយើងរាប់លាននាក់ដែលត្រូវ សម្លាប់យ៉ាងអយុត្តិធម៌ និងអាណោចអាធម្មបំផុតក្នុងរបប ប៉ុល ពត បានទៅកាន់សុគតិភពជារៀងដរាប»

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោក ចាន់ កុលបុត្រ បានបន្ថែមថាស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកសូមបានអំពាវនាវឱ្យប្រជាជនទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ ទាំងទម្រង់ចាស់ និងថ្មី និងអាជ្ញាធរត្រូវជំរុញឱ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ និងជំរុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី៣ ឱ្យបានឆាប់រហ័ស ដើម្បីមានភាពសុាំជាមួយជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕