(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។ នៅក្នុងពិធីនេះក៏មានចូលរួមពីនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ គណបក្សចុះជួយស្រុករមាសហែក ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

លោកស្រីបានបញ្ជាក់ថា ពិធីនេះប្រារព្ធឡើង ស្របពេលដែលឆ្នាំនេះ ជាខួបលើកទី៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលប្រទេសជាតិយើងបានរំដោះ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី។ ឆ្នាំនេះក៏ជាខួបលើកទី២៣ឆ្នាំ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជា រកបានសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។

លោកស្រីបានបន្ថែមថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលបម្រើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះ ក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេសដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ។

លោកស្រីបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ព្រោះការបោះឆ្នោតនេះមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួម ថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ រីកចម្រើនថែមទៀត។

បន្ថែមលើនេះ លោកស្រីកិត្តិសង្គហបណ្ឌិតសុំឲ្យប្រជាជនយើង សមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល។

លោកស្រី បានថ្លែងអំពាវនាវឲ្យប្រជាជនយើងបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជំរុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ និងជំរុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី៣ឲ្យបានឆាប់រហ័ស។

លោកស្រីបានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះជួយ ស្រុករមាសហែក ដែលបានរួមគ្នាអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ កម្ពស់២ជាន់ រួមជាមួយនឹងការបំពាក់នូវសម្ភារបរិក្ខាប្រើប្រាស់តាមបែបឌីជីថល និងតាមបែបប្រព័ន្ធព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង១លានដុល្លារសហរដ្ឋអាមេរិក ដោយបានចំណាយពេលសាងសង់អស់រយៈពេល២ឆ្នាំ។

សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖

*ទី១៖ អគារកម្ពស់២ជាន់ ទំហំ ១៦ម៉ែត្រ x៦១.២៩ម៉ែត្រ
*ទី២៖ ការងារក្រាលម៉ាប ដាំស្មៅរៀបចំខឿន (ទំហំ៦,៦៧០ម៉ែត្រការ៉េ) លាបថ្មាំរបង និងដងទង់ជាតិ
*ទី៣៖ កៅអីប្រជុំចំនួន ៨៣០កៅអី
*ទី៤៖ LED Screen៕