(ភ្នំពេញ)៖ សម្រាប់ព្រះនគរកម្ពុជា កាលណាគេនិយាយអំពីសម័យកាលប្រវត្ដិសាស្រ្ដដ៏រុងរឿង គឺគេសំដៅទៅលើចក្រភពអង្គរ ដស្រស់បឋរនៃយើង ពីស.វ.ទី៩ ដល់ទី១៣ ប៉ុន្ដែបើគេនិយាយពីសម័យកាលកម្ពុជាបែកបាក់ ពោលគឺកម្ពុជាដែលបានហែលឆ្លងសមុទ្រឈាមនិងជ្រោះទឹកភ្នែកនោះ គឺគេសំដៅពីឆ្នំា១៩៧០ ដល់ ១៩៧៩។ ទន្ទឹមនឹងនេះដែរ បើគេនិយាយពីកម្ពុជាបានរស់រានមានជីវិតទ្បើងវិញ គឺគេសំដៅដល់ថ្ងៃ៧ មករា ជាថ្ងៃចាប់កំណើតទី២ របស់ប្រជាជាតិខ្មែរ ហើយក៏ជាថ្ងៃដែលនាំព្រះនគរខ្មែរឲ្យមានសន្ដិភាព និងភាពសំបូរសប្បាយយ៉ាងស្រស់បំព្រងទ្បើងវិញ។

សម្រាប់ថ្ងៃ៧ មករា! តើលេខ៧ជាលេខវិញ្ញាណនៃប្រព័ន្ធជំនឿរបស់មនុស្សលើពិភពលោក ឬយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើនិយាយាអំពីជំនឿរបស់មនុស្សលើភពផែនដីនេះ មិនថាជាតិសាសន៍ខ្មែរយើង ឬជាតិសាសន៍ដទៃណាៗនោះទេ គឺតែងតែមានជំនឿយ៉ាងមុតមាំទៅលើថ្ងៃ ខែ ឆ្នំា ពិសេសលេខ ទៅតាមជំនឿប្រចំាជាតិនីមួយៗ ដោយផ្ដល់នូវសិរីមង្គលដល់ខ្លួន គ្រួសារ និងសង្គមជាតិ ដែលអ្នកវិទ្យាសាស្រ្ដក្នុងលោកពុំអាចបកស្រាយបាន។ ដោយហេតុនេះបានជាច្បាប់ជាតិ និងអន្ដរជាតិគេផ្តល់ការគោរពនូវប្រព័ន្ធជំនឿជាតិពន្ធដល់ជនជាតិនីមួយៗនោះ។

ស្ថិតក្នុងន័យនេះ ចំពោះថ្ងៃទី៧ មករា ជាថ្ងៃដែលប្រជាជាតិខ្មែរយើងតែងហៅថាជាថ្ងៃកំណើតទី២របស់ខ្លួន ឬជាថ្ងៃទ្រព្រះនគរខ្មែរឲ្យមានសន្ដិភាព និងភាពសំបូរសប្បាយយ៉ាងស្រស់បំព្រងទ្បើងវិញនោះ គឺលេខ៧នេះ ពិតជាមានអត្ថន័យស្ថិតក្នុងប្រព័ន្ធជំនឿរបស់ខ្មែរ ក៏ដូចជាបណ្ដាជាតិសាសន៍នានាលើពិភពលោកយ៉ាងជ្រោលជ្រៅ និងមានអាថ៌កំបាំងបំផុតទំាងផ្លូវសាសនា វប្បធម៌ ប្រពៃណី នៃជាតិសាសន៍នីមួយៗតំាងពីបុរាណរៀងមក។

មានន័យថាលេខ៧នេះ ជាលេខវិញ្ញាណនៃប្រព័ន្ធជំនឿរបស់មនុស្សលើពិភពលោក ដោយជាប់ទាក់ទងទំាងផ្លូវសាសនា វប្បធម៌ ប្រពៃណី ព្រោះគេជឿថាជាលេខអតម: ឬជាលេខផ្ដល់នូវថាមពល សិរីមង្គលដល់ខ្លួន គ្រួសារ និងសង្គមជាតិនីមួយៗពាសពេញពិភពលោក។

លោក រ័ត្ន សណ្ដាប់ បន្ដថា បើយើងពោលលេខ៧ ជាលេខវិញ្ញាណនៃប្រព័ន្ធជំនឿខ្មែរក៏ដូចជាមនុស្សជាតិលើភពលោកនោះមានតួយ៉ាងដូចជា៖

ចំពោះប្រព័ន្ធជំនឿខ្មែរ

* លេខ៧ ក្នុងទស្សន:ព្រះពុទ្ធសាសនា ព្រះពុទ្ធព្រះបរមគ្រូនៃយើង ព្រះអង្គនាពេលបានប្រសូត្រមកក៏បានដើរលើផ្កាឈូក៧ជំហាន
* លេខ៧ ក្នុងទស្សន:សាសនា គឺជាថ្ងៃចាប់ជាតិកំណើតសារជាថ្មីនៃព្រលឹង
* លេខ៧ ឬលេខសេស ជាលេខវប្បធម៌ប្រពៃណីនៃស្ថាបត្យកម្មខ្មែរ
* លេខ៧ ជាពណ៌ដើមទំាង៧ ដែលហៅថារស្មី៧ពណ៌
* លេខ៧ ជាភពទាំង៧ ឬថ្ងៃទំាង៧ ឬបុត្រីទំាង៧ នៃកបិលមហាព្រហ្មក្នុងពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ
* ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏អស្ចារ្យរបស់អាណាចក្រខ្មែរនាសម័យចក្រភពអង្គរ
* អង្គរវត្ដ ជាអច្ឆរិយវត្ថុទី៧ លើពិភពលោក។

ចំពោះប្រព័ន្ធជំនឿមនុស្សជាតិផ្សេងទៀតលើភពផែនដី

* លេខ៧ ក្នុងប្រព័ន្ធជំនឿលោកខាងលិចនិងចិន ជាលេខនាំមកនូវថាមពល ឥទ្ធិពលនិងសំណាងល្អ ព្រោះមានន័យថាក្រោកឡើង មិនខុសពីវេទមន្តនោះទេ ព្រោះលេខ ៧ គឺជាសញ្ញាមួយនៃការដាស់ឲ្យភ្ញាក់ខាងវិញ្ញាណ។

* លេខ ៧ ក្នុងទស្សនៈសាសនាគ្រឹស្ដ មានន័យថាអ្វីៗត្រូវបានបញ្ចប់ជាស្ថាពរ និងពេញលេញហើយព្រះក៏បាន បន្សល់ទុកនូវ ថ្ងៃទាំង៧ ជាមួយនឹង ភាពល្អប្រណីតនៃការកកើតទ្បើងវិញ។

* លេខ៧ នៅប្រទេសអ៉ីតាលី គេមានជំនឿក្នុងការក្រឡុកល្បាយផលិតផលសម្រាប់សក់ស្រ្ដីបុរស មុនពេលយកមកប្រើ ត្រូវគោះនឹងប្រអប់ដៃឆ្វេងចំនួន ៧ដង ដើម្បីទទួលបាននូវថាមពលទើបគេយកមកប្រើ។

* លេខ ៧ ជាសញ្ញាទេវតាវិជ្ជមានបំផុតខាងវិញ្ញាណបញ្ចូលទៅក្នុងសម្ភារៈ។

ដូច្នេះលេខ៧ ជាលេខវិញ្ញាណដ៏សាកសិទ្ធិដែលមកសណ្ឋិតក្នុងព្រះនគរកម្ពុជាជាមួយវីរបុរសក្លាហានពិត លះបង់ជីវិតដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីជ្រោះមរណះឆ្ពោះមករកសន្តិភាព ឯកភាពជាតិ និងភាពរីកចំរើននៃព្រះនគរខ្មែរទ្បើងវិញគឺ ថ្ងៃ ៧ មករា៕