(បាងកក, ប្រទេសថៃ)៖ ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នៅលើទឹកដីថៃ បាននាំឱ្យមានការចាប់អារម្មណ៍ច្រើនពីបណ្តាញផ្សព្វផ្សាយថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត សុខ សុក្រឹត្យា មិនត្រឹមតែបានជួបថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ក៏ដូចជាអ្នកធ្វើធុរកិច្ចលើវិស័យទេសចរណ៍របស់ថៃប៉ុណ្ណោះទេ លោកក៏បានឡើងតាមកញ្ចក់ទូរទស្សន៍ថៃ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពលរដ្ឋ និងអ្នកធ្វើធុរកិច្ចរបស់ថៃផងដែរ។
នាពេលថ្មីៗនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ត្រូវបានស្ថានីយទូរទស្សន៍ថៃ TV POOL អញ្ជើញធ្វើបទសម្ភាសន៍ ក្នុងកម្មវិធីដំណឹងរបស់អ្នកស្រុក ដោយពិភាក្សាផ្តោតជាសំខាន់លើវិស័យទេសចរណ៍។ តាមរយៈបទសម្ភាសន៍នេះ លោក សុខ សុក្រឹត្យា បានលើកបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជា ការអភិវឌ្ឍ និងរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ក៏បានលើកបង្ហាញនយោបាយគាំពាររបស់កម្ពុជាសម្រាប់អ្នកវិនិយោគបរទេសផងដែរ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃបទសម្ភាសន៍រវាងលោកបណ្ឌិត សុខ សុក្រឹត្យា ជាមួយស្ថានីយទូរទស្សន៍របស់ថៃ៖
* ពិធីករថៃ៖ ជម្រាបសួរលោកបណ្ឌិត! តើលោកបណ្ឌិតអាចបញ្ជាក់ជូនទស្សនិកជនអំពីដំណើរទស្សនកិច្ចនៅប្រទេសថៃ របស់លោកបណ្ឌិតបានទេ?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ ខ្ញុំបានមកបំពេញទស្សនកិច្ចប្រទេសថៃនេះ គឺក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីជជែកពិភាក្សាជាមួយមន្ត្រី និងថ្នាក់ដឹកនាំរបស់ប្រទេសថៃដេីម្បីរឹតចំណងមិត្តភាពកម្ពុជា-ថៃអោយកាន់តែល្អប្រសេីរ។
* ពិធីករថៃ៖ ទស្សនិកជនអាចមិនបានស្គាល់លោកបណ្ឌិត តើអាចជម្រាបដល់ពួកគាត់បានទេ?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ ខ្ញុំបាទឈ្មោះ សុខ សុក្រឹត្យា ជាអ្នកនយោបាយជំនាន់ថ្មី។ បច្ចុប្បន្នខ្ញុំជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។
* ពិធីករថៃ៖ តើទំនាក់ទំនងនៃវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ មានវិសាលភាពយ៉ាងណា ហើយលោកបណ្ឌិតគិតថាការពង្រីកទំនាក់ទំនងជាមួយថៃបែបណាដែរ?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ យើងបានទំនាក់ទំនងគ្នាមកជាប់រហូត។ យើងបានជជែកពិភាក្សាជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ថៃ ហើយយើងក៏បានបង្កើតនូវកិច្ចសហប្រតិបត្តិការ និងរៀបចំគម្រោងលើវិស័យនេះជាមួយគ្នាជាច្រើននាពេលកន្លងមក។ យើងបានជជែក និងបង្កើតទំនាក់ទំនងអំពីការផ្លាស់ប្តូរអ្នកទេសចរគ្នាដូចជា ការផ្លាស់ប្តូរអ្នកទេសចរពីភាគឦសានខាងត្បូងរបស់ថៃ រួមមាន ខេត្តស៊ីសាកេត បុរីរ៉ាំ សុរិន្ទ ជាមួយខេត្តសៀមរាបរបស់កម្ពុជាជាដើម។ យើងចង់ឱ្យអ្នកទេសចរបរទេសចូលមកកម្ពុជាតាមរយៈច្រកព្រំដែនគោក និងផ្លូវអាកាសពីប្រទេសថៃ ឬទេសចរជនជាតិថៃ ដែលមានបំណងមកកម្សាន្តគោលដៅទេសចរណ៍នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយអាចធ្វើដំណើរបន្តមកកាន់ខេត្តសៀមរាបរបស់ប្រទេសកម្ពុជា ដោយសម្រួលឱ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរ និងអាចឱ្យពួកគាត់ស្នាក់នៅកម្ពុជាចាប់ពីចន្លោះ ២យប់ ៣ថ្ងៃ ឡើង។ ដោយឡែកចំពោះអ្នកទេសចរកម្ពុជា ក៏អាចចូលទៅកាន់ប្រទេសថៃតាមលក្ខណៈតែមួយនេះបានដូចគ្នា។ ពួកគាត់អាចមកទេសចរណ៍បែបពិនិត្យ ឬព្យាបាលសុខភាពនៅប្រទេសថៃទាំងមន្ទីរពេទ្យរដ្ឋ ឬឯកជនរបស់ថៃ។ កាលពីមុនកើតមានជំងឺកូវីដ-១៩ នោះយើងមានទំនាក់ទំនងបែបនេះជាមួយគ្នារួចស្រេចមកហើយ ប៉ុន្តែពេលនេះយើងចង់ជំរុញឱ្យវិស័យទេសចរណ៍បែបនេះរវាងប្រទេសទាំងពីរកាន់តែទូលំទូលាយ និងពង្រីកបន្ថែមទៀតជាមួយគ្នា ក្នុងនេះដូចជាផ្តល់ភាពងាយស្រួល និងកាន់តែសុវត្តិភាពដល់អ្នកទេសចរផង។
* ពិធីករថៃ៖ តើយើងមានវិធានការបែបណា បើស្ថិតនៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងវាយលុកបែបនេះលោកបណ្ឌិត?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ កម្ពុជា បានបើកប្រទេសឡើងវិញហើយតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក ប៉ុន្តែក្រុមការងារថ្នាក់មូលដ្ឋានតាមជាយដែនរវាងប្រទេសទាំង២ គឺកម្ពុជា-ថៃ កំពុងជជែកពិភាក្សាជាមួយគ្នាថា យើងនឹងរៀងចំវិធានការបែបណា? ចំពោះការបើកច្រកទ្វារតាមព្រំដែនផ្លូវគោកបែបណា? សំដៅធ្វើយ៉ាងណាផ្តល់សុវត្ថិភាព និងផ្តល់ការសប្បាយរីករាយសម្រាប់អ្នកទេសចរនៃប្រទេសទាំងពីរ យើងកំពុងជំរុញការងារនេះឱ្យបានឆាប់រហ័ស។ ទោះជាយ៉ាងណាអ្នកទេសចរដែលធ្វើដំណើរតាមផ្លូវអាកាស គាត់មិនពិបាកទេ គឺអាចទៅកម្ពុជាបានតែម្តង។ អ្នកទេសចរដែលចាក់វ៉ាក់សាំងពេញលេញ ឬចាប់ពី ២ដូសឡើង ធ្វើដំណើរទៅកម្ពុជាតាមយន្តហោះ គឺត្រឹមតែបង្ហាញលិខិត PCR Test ៧២ម៉ោងមុនចេញដំណើរ និងធ្វើតេស្តរហ័សពេលមកដល់អាចចូលទស្សនាកម្ពុជាបាន ដោយសេរីតែម្តងគ្មានការកំហិតឱ្យធ្វើចតាឡីស័កទេ។
* ពិធីករថៃ៖ ពេលនេះគេសង្កេតឃើញថាសេដ្ឋកិច្ចកម្ពុជាបានងើបយ៉ាងល្អឡើងវិញ តើពិតមែនទេ លោកបណ្ឌិត?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ ក្នុងអំឡុងពេលនេះ បញ្ហាសេដ្ឋកិច្ចកម្ពុជាក៏បានដំណើរការឡើងវិញ ប៉ុន្តែយ៉ាងណាក៏មិនទាន់ដំណើរការល្អដូចមុនជំងឺកូវីដ-១៩ វាយលុកដែរ ប៉ុន្តែល្អប្រសេីរជាងប្រទេសជិតខាងមួយចំនួន។
* ពិធីករថៃ៖ តើមានការប៉ះពាល់ខ្លាំងទេក្នុងសម័យកាលកូវីដ-១៩ ពីព្រោះថាថៃទទួលរងផលប៉ះពាល់ច្រើនដែរ?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ បើនិយាយពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានធូរស្រាលច្រើនហើយ ក្នុងរយៈពេល២ខែនេះ ក្នុងមួយថ្ងៃកម្ពុជាមានអ្នកឆ្លងថ្មីត្រឹមតែប្រមាណ២-៣ នាក់ប៉ុណ្ណោះ។ ចំណែកអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ពុំមានទៀតដែរ។ ពេលនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការសម្រុកចាក់វាំងសាំងជូនប្រជាពលរដ្ឋដូសទី៣ឱ្យបានគ្រប់គ្នា ហេីយបានប្រកាសបិទព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ រួចហេីយដែរ។
* ពិធីករថៃ៖ តើកម្ពុជានឹងមានយុទ្ធសាស្រ្តអ្វីបន្ថែមទៀតទេដើម្បីឱ្យសេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ កន្លងមកខ្ញុំធ្លាប់បានជម្រាបជូនអ្នកបណ្តាក់ទុនថៃរួចមកហើយថា ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា-ថៃ បើជាទំនិញប្រភេទ SME គឺកំពុងមានការរីកលូតលាស់យ៉ាងខ្លាំងនៅកម្ពុជា ព្រោះថាទំនិញប្រភេទ SME ដូចជា គ្រឿងឧបភោគ បរិភោគ ទំនិញប្រភេទគ្រឿងសម្អាង គឺពលរដ្ឋកម្ពុជាទទួលស្គាល់គុណភាពទំនិញពីប្រទេថៃ។ យើងឃើញថា មួយផ្នែកធំនៃទំនិញថៃ ដូចជា ក្រុមហ៊ុនធំៗក្នុងកម្រិត SME បានចូលទៅបណ្តាក់ទុននៅកម្ពុជាច្រើន។ ដោយឡែកចំពោះវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងមួយឆ្នាំ មានកំណើន ១៦% ទៅ ២០% យើងឃើញថាមានសន្ទុះល្អណាស់។
ទោះជាយ៉ាងណានៅថ្ងៃខាងមុខ យើងរំពឹងថាសក្តានុពលក្នុងការវិនិយោគទុនផ្នែកវិស័យទេសចរណ៍ ជាពិសេស ផ្នែកសេវាកម្មទេសចរណ៍ក៏មានឱកាសសម្រាប់អ្នកវិនិយោគថៃ ទៅបណ្តាក់ទុននៅកម្ពុជាផងដែរ ព្រោះថា ប្រទេសថៃមានបទពិសោធន៍ផ្នែកសេវាកម្មទេសចរណ៍នេះយូរមកហើយ ក្នុងនោះការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ក៏ប្រទេសថៃមានបទពិសោធន៍ច្រើន។ ហេតុនេះ វិនិយោគិនថៃ អាចអញ្ជើញទៅបណ្តាក់ទុនផ្នែកទេសចរណ៍នៅកម្ពុជាចាប់ពីពេលនេះទៅ។ សុំបញ្ជាក់ថាការបណ្តាក់ទុនលើវិស័យទេសចរណ៍នេះ គឺមានស្ថេរភាពបានយូរអង្វែង។ ខ្ញុំសូមជម្រាបជូនដែរថា ក្រោយកូវីដ-១៩ គឺយើងជួបស្ថានភាពលំបាក ប៉ុន្តែបើយើងជាប្រទេសជិតខាង និងជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា ខ្ញុំជឿជាក់ ការទៅវិនិយោគនៅកម្ពុជាជាជម្រើសមួយដ៏ល្អបំផុត។ ខ្ញុំសូមជម្រាបបន្ថែមថា បើទោះបីស្ថិតនៅក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ យេីងសង្កេតឃើញថា ការដោះដូរទំនិញរវាងកម្ពុជា-ថៃ ពុំមានការថយចុះទេ។ មានន័យថាទំនិញថៃនៅតែហូរចូលមកកម្ពុជារហូត មានតែវិស័យទេសចរណ៍ទេដែលត្រូវបានផ្អាកសកម្មភាពខ្លះ ហេតុនេះនៅពេលកូវីដបញ្ចប់ទៅ វិស័យទេសចរណ៍ ពិតណាស់នឹងត្រូវការឱកាសក្នុងការពង្រីកខ្លួនកាន់តែខ្ពស់។ ហេតុនេះយើងខ្ញុំចង់ឱ្យអ្នកវិនិយោគទុនថៃដែលមានបទពិសោធន៍លើវិស័យទេសចរណ៍ពិចារណាការបណ្តាក់ទុនលើវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនឡើង។
* ពិធីករថៃ៖ ប្រទេសថៃចង់ឱ្យមានរថភ្លើងល្បឿនលឿនទៅដល់កម្ពុជាតើអាចមានទេ?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ លើបញ្ហានេះ គឺពិតជាអាចកើតមាននៅថ្ងៃអនាគត ពីព្រោះថាពេលនេះសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងរថភ្លើងល្បឿនលឿន ពីព្រោះថាយើងមានផ្លូវរថភ្លើងស្រាប់ទៅហើយ ដែលតភ្ជាប់រវាងប្រទេសទាំងពីរ។ យើងនឹងធ្វើការកែច្នៃផ្លូវមានស្រាប់នេះឱ្យទៅជាផ្លូវរថភ្លើងដែលអាចប្រើរថភ្លើងក្នុងល្បឿនលឿនបាន។ ទោះបីជាយ៉ាងណា ចំពោះបញ្ហានេះយើងត្រូវប្រើប្រាស់ពេលវេលា ប៉ុន្តែក្នុងថ្ងៃខាងមុខពិតណាស់គឺយើង ត្រូវតែមានយ៉ាងពិតប្រាកដ។ បច្ចុប្បន្នយើងមានរថភ្លើងទៅដល់អារញ្ញប្រាថេតរួចហើយ ប៉ុន្តែ ភាគច្រើនគឺសម្រាប់ដឹកទំនិញ។ ថ្ងៃខាងមុខយើងនឹងមានការផ្លាស់ប្តូរមកជារថភ្លើងទាន់សម័យល្បឿនលឿនសម្រាប់អ្នកទេសចរវិញ។ ខ្ញុំគិតថា វិស័យទេសចរណ៍កម្ពុជានៅមានសក្តានុពលច្រើនទៀត ដែលមិនទាន់យកមកប្រើប្រាស់ ក្នុងនេះមិនទាន់រាប់បញ្ចូលផ្នែកវប្បធម៌ សិល្បៈ ជំនឿ អរូបីយ។ គ្រាន់តែរបស់អស់ទាំងនេះ យើងមិនទាន់បានគាស់ឡើងមក ដើម្បីយកមកប្រើប្រាស់នៅឡើយ។ ក្នុងនាមពួកខ្ញុំជាអ្នកនយោបាយជំនាន់ថ្មី ពួកខ្ញុំនឹងគាស់កកាយវិស័យដ៏គួរឱ្យចាប់អារម្មណ៍ និងវប្បធម៌សម័យបុរាណមកដើម្បីឱ្យអ្នកទេសចរបានឃើញ និងទស្សនានាថ្ងៃអនាគត។
* ពិធីករថៃ៖ លោកបណ្ឌិតចង់ឱ្យមានទេសចរបែបតារាភាពយន្ត តើវាអាចកើតមានបានទេ ហើយយើងនឹងធ្វើដូចម្តេច?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ វាជារឿងមួយខ្ញុំកំពុងគិតទៅដល់ដើម្បីឱ្យអ្នកមានប្រាក់គេអាចទៅទស្សនានៅថៃ ឬជនជាតិថៃមកទស្សនាកម្ពុជា កាន់តែមានភាពស្និទ្ធស្នាលតាមរយៈការនាំសារល្អៗរបស់អ្នកសិល្បៈរវាងគ្នាទៅវិញទៅមក។ កម្មវិធីនេះគេនឹងរៀបចំឱ្យមានទំនាក់ទំនងស្និទ្ធស្នាលជាមួយក្រុមតារាភាពយន្តដែលគេនិយមចូលចិត្ត។ ក្រៅពីនេះខ្ញុំចង់ឱ្យមានការថតខ្សែភាពយន្តរួមគ្នារវាងតារាភាពយន្តប្រទេសទាំងពីរផងដែរ។ ក្នុងនេះអ្នកទេសចរអាចទំនាក់ទំនងជាមួយក្រុមតារាភាពយន្ត ហើយគេអាចមកកម្សាន្តកន្លែងថតភាពយន្ត កន្លែងតារាទាំងពីរសម្តែង ទីកន្លែងស្ទីលយូ។ល។របស់អស់ទាំងនេះសុទ្ធសឹងទាក់ទាញអ្នកទេសចររវាងប្រទេសទាំងពីរឱ្យមកទស្សនាគ្នាទៅវិញទៅមកមិនចេះចប់សោះឡើយ។
* ពិធីករថៃ៖ បវរកញ្ញា ឬស្រ្តីមានសម្រស់ស្រស់ស្អាតកម្ពុជាដែលប្រកួតកន្លងមក តើកម្ពុជាបញ្ជូនទៅប្រកួតនៅបរទេសតែម្តង ឬមានប្រកួតនៅក្នុងប្រទេសដែរ?
លោកបណ្ឌិត សុខ សុក្រឹត្យា៖ ក្រោយកម្ពុជាមានសុខសន្តិភាព គឺមានក្រុមហ៊ុនឯកជនបានមកធ្វើការបណ្តាក់ទុនទាក់ទិនការប្រកួតបវរកញ្ញា ប្រកួតកម្មវិធីផ្សេងៗដែលទាក់ទិននឹងប្រកួតសម្រស់នៅកម្ពុជាច្រើន យើងទទួលរៀបចំការប្រកួតបវរកញ្ញាលំដាប់ពិភពលោកផងដែរ។ ជាពិសេសកាលពីមុនការរាលដាលនៃជំងឺកូវីដ-១៩ យើងធ្វើជាម្ចាស់ផ្ទះរៀបចំបវរកញ្ញាភពផែនដីដែលមានការចូលរួមពីជាង ៤០ប្រទេសជុំវិញពិភពលោក។ ស្រ្តីកម្ពុជាសម័យថ្មីនេះ សុទ្ធតែមានសមត្ថភាព និងសម្រស់ស្រស់ស្អាត ពួកគេមានឱកាសបង្ហាញសម្រស់ និងសមត្ថភាពតាមរយៈការចេញទៅប្រកួតនៅក្រៅប្រទេសជុំវិញពិភពលោក ដូចជាការប្រកួតបវរកញ្ញានៅប្រទេសថៃនាពេលថ្មីៗនេះជាដើម។ ខ្ញុំសូមជម្រាបថា កម្ពុជាបច្ចុប្បន្នមិនដូចកម្ពុជាកាលពីជាង ៣០ឆ្នាំមុនទេ គឺមានសន្តិភាពពេញលេញ មានការរីកចម្រើន និងក្លាយជាពលរដ្ឋសម័យថ្មី។ យើងមានច្បាប់វិនិយោគរឹងមាំ សម្រាប់ធានាជូនអ្នកវិនិយោគ មិនឱ្យមានការព្រួយបារម្ភសោះឡើយ ហេតុនេះពួកគាត់អាចអញ្ជើញទៅបណ្តាក់ទុននៅកម្ពុជាចាប់ពីពេលនេះទៅប្រកបដោយទំនុកចិត្តខ្ពស់ និងភាពកក់ក្តៅបំផុត៕