(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកសង្គមថ្មី បានថ្លែងប្រាប់ដល់ថ្នាក់ដឹកនាំគណបក្សទូទាំងស្រុកសង្គមថ្មី ត្រូវអនុវត្តន៍តាមលទ្ធផលរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជាឱបានល្អ ដើម្បីឱ្យគណបក្សទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋ។
ការថ្លែងរបស់លោក សំ លាងទ្រី បែបនេះ ក្នុងឱកាសដែលលោកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកសង្គមថ្មី ដោយមានការចូលរួមពីលោក ទែន សារុំ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក យ៉ុង គឹមហាន អនុប្រធានក្រុមការងារចុះជួយស្រុកសង្គមថ្មី ព្រមទាំងប្រធានក្រុមការងារគណបក្សចុះជួយឃុំ និងប្រធានគណបក្សតាមភូមិ ឃុំ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះ។
នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តព្រះវិហារនិងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ថ្នាក់ដឹកនាំ និងសមាជិកបក្សយើងគ្រប់ៗរូប។
លោកក៏បានជម្រាបជូនអង្គពិធី ពីលទ្ធផល នៃអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចជាឯកច្ឆ័ន្ទគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។
ជាមួយគ្នានេះលោក សំ លាងទ្រី ក៏បានថ្លែងណែនាំបន្ថែមដល់ថ្នាក់ដឹកនាំគណបក្សទូទាំងស្រុកសង្គមថ្មីទាំងអស់ ត្រូវបន្តកសាងនូវអំពើល្អ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋចេញពីឆន្ទះនិងបេះដូងពិតប្រាកដ ពិសេសត្រូវចេះ ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។
ក្នុងឱកាសថ្ងៃបុណ្យជាតិ ៧ មករា ឆ្នាំ២០២២នេះ លោក សំ លាងទ្រី ថ្លែងថា គិតត្រឹមថ្ងៃនេះ ខ្ញុំបាទ និងក្រុមគ្រួសារបានឆ្លងកាត់រយះពេល៤៣ឆ្នាំមកហើយ បន្ទាប់ពីត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ មាតុភូមិកម្ពុជាជាទីស្នេហារបស់ខ្ញុំបានផ្លាស់ប្ដូរប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស និងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ដែលបានពុះពារជម្នះរាល់ការលំបាកស្មុគស្មាញគ្រប់បែបយ៉ាង បង្កើតបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន នាពេលបច្ចុប្បន្ន។
ប្រជាជាតិមួយដែលរងការកាប់សម្លាប់រង្គាល កម្លាំងជាតិមួយដែលត្រូវខ្សោះខ្សោយ រីងស្ងួត ប៉ុន្តែ ៤៣ឆ្នាំក្រោយមក បានងើបឈរវិញយ៉ាងត្រដែតប្រកបដោយមោទនភាពជាមួយនឹងវឌ្ឍនភាពលើគ្រប់វិស័យ បានធ្វើឲ្យមនុស្ស មានសម្បជញ្ញ:ទាំងឡាយមើលឃើញច្បាស់ នូវថាមពលរបស់ប្រជាជនកម្ពុជាក្នុងការកសាង និងការពារមាតុភូមិរបស់ខ្លួនស័ក្ដិសមជាអ្នលបន្តមរតកពីបុព្វបុរសសម័យមហានគរ ដែលបានកសាងទឹកដី និងវប្បធម៌ អរិយធម៌អង្គរដ៏រុងរឿង៕