(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះបានថ្លែងថា ជុំវិញបញ្ហាការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនទាំងអស់ ដែលរួមមានរថយន្ដឈ្នូលគ្រប់ប្រភេទ, តម្លៃប្រេងសាំង, វិធានការការដឹកលើសទម្ងន់ និងបញ្ហាផ្សេងៗទៀត នឹងបង្ហាញលទ្ធផលនៅថ្ងៃទី២៨ ខែមេសា ម៉ោង៣រសៀល ខាងមុខនេះ ដើម្បីឆ្លើយតបនឹងយុទ្ធនាការ ១០០ថ្ងៃ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងតម្លៃ ទាំងសេវាកម្មនានា។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សា លើការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក នៅកម្ពុជាទៀតថា ដោយពេលនេះយើងកំពុងតែពិភាក្សា ក៏ដូចជាស្នើសុំដល់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាបង្កើនយន្ដការផ្សេងៗរួមទាំងការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនឲ្យបានល្អ រថយន្ដទេសចរណ៍ ត្រូវតែថ្មីស្អាត មានគុណភាពល្អ ព្រោះទេសចរណ៍ជាមុខមាត់ប្រទេសជាតិ។
លោកបន្ដទៀតថា ជាងនេះទៅទៀត ក៏អំពាវនាវឲ្យអាជីករនិងក្រុមហ៊ុន ចូលទៅក្នុងសមាគមរបស់ក្រសួង ដើម្បីផ្ដល់ភាពរឹងមាំ ហើយក្រសួងនឹងលើក ទឹកចិត្ដដល់ក្រុមហ៊ុនណា ដែលចូលជាសមាជិក នឹងធ្វើស្លាកសញ្ញាមួយឲ្យធំ ដែលទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើយ៉ាងដើម្បីបង្កើតភាពងាយស្រួល ដល់ប្រជាពលរដ្ឋលើការចំណាយថវិកា និងសុវត្ថិភាពផ្សេងទៀត។
លោកទេសរដ្ឋមន្ដ្រី បញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបញ្ហាធំទាំងពីរនេះ គឺតម្លៃដឹកជញ្ជូន និងដឹកទំនិញលើសទម្ងន់ វាជាបញ្ហាដ៏ចម្បងបំផុត ព្រោះបើរថយន្ដ១គ្រឿង បើកលើសទម្ងន់១០តោន នោះវាស្មើនឹងរថយន្ដ១០,០០០គ្រឿង ដែលបានបើកបរទៅលើផ្លូវ ដែលវានឹងធ្វើឲ្យផ្លូវរបស់យើង នឹងឆាប់ខូចខាតយ៉ាងឆាប់រហ័ស»។
លោកបន្ថែមថា ពិសេសក្រសួងនឹងរៀបចំធ្វើផ្លូវមួយ ពីភ្នំពេញទៅព្រះសីហនុ ស្ដារផ្លូវដែក ពីភ្នំពេញ ទៅប៉ោយប៉ែត និងរៀបចំបណ្ដាញ ដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃមិញនេះ កិច្ចប្រជុំពិភាក្សាលើការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោកនៅកម្ពុជា ដែលដឹកនាំដោយ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ រួមទាំងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) និងសមាគមរថយន្តដឹកជញ្ជូន (CAMTA) ផងដែរ ដើម្បីពិភាក្សាដោះស្រាយលើបញ្ហាបញ្ចុះតំលៃដឹកជញ្ជូន និងការដឹកលើសទម្ងន់ នៅសាលប្រជុំនៃទីស្តីការក្រសួង៕