(ភ្នំពេញ)៖ ផលប៉ះពាល់ដែល បង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួន ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែការធ្លាក់ចុះចំណូល និងបាត់បង់ការងារ ជាដើម។ តែយ៉ាងនេះក្តី តាមរយៈកម្មវិធី ឧបត្ថម្ភសាច់ប្រាក់អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ មានអាចលទ្ធភាពរ៉ាប់រងចំណាយលើតម្រូវការជាមូលដ្ឋានរបស់ពួកគេ ដូចជា អាហារ ថ្លៃទឹកភ្លើង ការទទួលបានសេវាថែទាំសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យជាដើម។
សហគមន៍ព្រែកតាគង់ ដែលស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ គឺជាសហគមន៍ក្រីក្រមួយដែលមានពលរដ្ឋប្រមាណជាង៦០គ្រួសារកំពុងរស់នៅ។ ប្រជាជនរស់នៅតំបន់នេះ ភាគច្រើនប្រ កបរបរធ្វើកម្មករសំណង់ ស្រ្តីមេផ្ទះ និងស៊ីឈ្មួលតិចតួច។
អ្នកស្រី ចែម អន នារីភូមិ នៅក្នុងសហគមន៍ព្រែកតាគង់ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ គឺជាអ្នកដែលមានជីវភាពខ្លះខាត ហើយវិបត្តិជំងឺកូវីដ១៩ កាន់តែធ្វើឱ្យងាយពួកធ្លាក់ចូលទៅក្នុងភាពក្រីក្រ ប្រឈមនឹងការអត់ឃ្លាន ជាពិសេសក្នុងពេលបិទខ្ទប់។ ប៉ុន្តែដោយសារតែការទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល បានជួយឱ្យប្រជាពលរដ្ឋនៅតំបន់នេះ មិនប្រឈមមុខនឹងភាពខ្វះ ខាត ឬភាពអត់ឃ្លាន ដោយគ្រួសារនីមួយៗទទួបាលប្រាក់ចន្លោះពី១០ម៉ឺនទៅ៣០ម៉ឺនរៀលទៅតាមសមាជិកគ្រួសារ ដែលធ្វើឱ្យពួកគេមានលទ្ធភាពចំណាយទៅលើការទិញ គ្រឿងបរិភោគប្រចាំខែ ។ អ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលបន្តផ្តល់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយឆ្នាំទៀត ដើម្បីឱ្យពលរដ្ឋនៅទីនេះ មានលំនឹងក្នុងជីវភាព។ សំលេង
មានវ័យជាង៤០ ឆ្នាំ អ្នកស្រី សុខ ចន្នី មានសមាជិកក្នុងគ្រួសារចំនួន៦នាក់ ដោយក្នុង១ ខែ អ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភចំនួន១៧៦០០០រៀល ដែលថវិកានេះ អ្នកស្រីអាចយកទៅទិញអង្ករសម្រាប់ផ្គត់ផ្គង់កូនចៅក្នុងគ្រួសារ និងថ្លៃទឹកភ្លើង ដែលជួយសម្រួលជីវភាពបានមួយផ្នែក បន្ទាប់ពីប្រាក់ខែ ពីការធ្វើកម្មករសំណង់របស់ប្តីអ្នកស្រី។ អ្នកស្រី សុខ ចន្នី ទទួលបានបណ្ណធម៌នៅឆ្នាំ២០១៩ ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុងអំឡុងពេលកូវីដហើយនោះ អ្នកស្រីក៏ប្រើប្រាស់បណ្ណនេះ សម្រាប់សេវាសុខាភិបាលនៅមណ្ឌលសុខភាព ពេលមានបញ្ហាឈឺថ្នាត់ផងដែរ។
អ្នកស្រី ភួង រតនា ជាស្រ្តីមេផ្ទះ ដែលមានប្តីជាកម្មករសំណង់ ហើយក្នុងគ្រួសារមានសមាជិក ច្រើន បានឱ្យដឹងថា ប្រាក់ខែដែល ប្តីអ្នកស្រីបានមកពីការធ្វើ ជាកម្មករសំណង់ មិនអាចរ៉ាប់រងការចំណាយប្រចាំថ្ងៃបាននោះទេ តែសំណាងល្អដែលគ្រួសារអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល៣០ម៉ឺនរៀល ក្នុងមួយខែ បានជួយឱ្យគ្រួសារអ្នកស្រីមិនសូវខ្វះខាត។
បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយថា មានគ្រួសារក្រីក្ររតែមួយចំនួនតូចប៉ុណ្ណោះនៅក្នងសហគមន៍នេះ បានទទួលបណ្ណសមធម៌ និងប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសេនេះ ក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានចុះសង្កេត និងពិនិត្យវាយតម្លៃដំណើរការនៃការផ្តល់បណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
តាមលទ្ធផលការចុះសង្កេត និងពិនិត្យវាយតម្លៃជាក់ស្តែងបានបង្ហាញថា មានតែគ្រួសារចំនួន ៥ ប៉ុណ្ណោះ ក្នុងចំណោមគ្រួសារដែលបានស្នើសុំបណ្ណក្រីក្រ ចំនួន ៦៤គ្រួសារ នៅក្នុងសហគមន៍នេះ មិនទាន់ទទួលបានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ចំណែក៥៩គ្រួសារទៀតបានទទួលបណ្ណ និងបាន និងកំពុងទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដែលដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា។ លើសពីនេះទៅទៀត អាជ្ញាធរពាក់ព័ន្ធ រួមទាំងរដ្ឋបាលសង្កាត់ ក៏បាន និងកំពុងខិតខំពិនិត្យវាយតម្លៃ ដើម្បីផ្ដល់បណ្ណសមធម៌ជូនគ្រួសារដែលនៅសេសសល់ផងដែរ។
លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច នឹងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។
លោក ថេង បញ្ញាធន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានឱ្យដឹងថា មុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ពលរដ្ឋកម្ពុជា រស់នៅក្នុងភាពក្រីក្រីមានប្រមាណតែ២.៣លាននាក់ប៉ុណ្ណោះ ប៉ុន្តែផលប៉ះពាល់នៃជំងឺកូវីដ១៩ បានធ្វើឱ្យពលរដ្ឋកម្ពុជាធ្លាក់ចូលទៅក្នុងភាពក្រីក្រក្នុងរង្វង់៧០ម៉ឺនគ្រួសារ ឬ២.៨លាននាក់។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១ មានគ្រួសារក្រីក្រ ទាំងនៅទីប្រជុំក្នុង និងក្រៅរាជ ធានីភ្នំពេញ និងតាមជនបទមានបណ្ណសមធម៌ចំនួន ៦៨៤ ៧៧១ គ្រួសារ ដែលមានសមាជិកសរុបចំនួនជាង ២,៦ លាននាក់ បាន និងកំពុងទទួលការឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ គិតរហូតមកដល់ពេលនេះ ទំហំទឹកប្រាក់ដែលបានចំណាយសម្រាប់កម្មវិធីនេះ មានចំនួន ២ពាន់ទ្រី លានរៀល ឬប្រមាណ៥៣១ លានដុល្លារអាមេរិក ៕