(ស្វាយរៀង)៖ នាឱកាសអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង, លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន២៥៣នាក់ ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងជួបសំណេះសំណាលសមាជិកគណបក្សក្រុង គណបក្សសង្កាត់ សាខាគណបក្សភូមិទាំង១៥ និងយុវជនគណបក្ស។
ពិធីប្រកាសនេះមានការអញ្ជើញចូលរួមពីលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស លោក លឹម សៀង ហេង ប្រធានគណបក្សក្រុងបាវិត អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងសង្កាត់ច្រកម្ទេស។
លោក លី ធុជ បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង២៥៣នាក់ ក៏ដូចជាសមាជិកគណបក្សដទៃ ដែលស្ម័គ្រចិត្តចូលរួមជីវភាពមហាគ្រួសារ ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលនេះពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះគណក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបង្កើតជីវិតថ្មីជូនប្រជាពលរដ្ឋកម្ពុជា។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបាវិត បានបញ្ជាក់បន្ថែមថា ខួបអនុស្សាវរីយ៍ ៤៣ឆ្នាំ ទិវាជ័យជម្នះ ៧ មករា មិនត្រឹមតែជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះទេ គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ក្នុងការផ្តល់នូវផ្ទះសន្តិភាព សិទ្ធិរស់រានមានជីវិត និងការទទួលបាននូវការអភិវឌ្ឍគ្រប់ៗគ្នា ហើយស្មារតី ៧ មករា នៅតែបន្តស្ថិតស្ថេរគង់វង្ស ក្នុងក្រអៅបេះដូងជនរួមជាតិកម្ពុជា។
នាឱកាសនោះលោក លី ធុជ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន ជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យ ប្រទេសជាតិ មាន កិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និង លើ ឆាកអន្តរជាតិ។ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានជីវិតល្អប្រសើរ គឺជាគោលដៅគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឱ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ។
លោក លី ធុជ បានចាត់ទុកសមាជិកបក្សដែលទើបប្រកាសបញ្ចូលជាសមាជិកថ្មី ក៏ដូចជា សមាជិកបក្សប្រជាជនទូទាំងសង្កាត់ ទាំងមូល គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានណែនាំឱ្យសមាជិកគណបក្សទាំងអស់ ត្រូវបន្តខិតខំអនុវត្តឱ្យបានត្រឹមត្រូវ តាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស៕