(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីវិធាន និង បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈសម្រាប់ក្រុមលទ្ធកម្ម នៃអង្គភាពថវិកា ក្រោមអធិបតីភាពលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
លោក ហ៊ាន សាហ៊ីប បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ជាកត្តាគន្លឹះ ដើម្បីសម្រេចជោគជ័យក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណរបស់រាជរដ្ឋាភិបាល។ លោកបន្តថា នៅឆ្នាំ២០១៥កន្លងមក ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន និង បន្តបន្ទាប់ពាក់ព័ន្ធវិធីសាស្រ្ត និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការជំនាញ និង ថ្នាក់ដឹកនាំក្រុមលទ្ធកម្ម នៃអង្គភាពថវិការបស់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។
លោក ហ៊ាន សាហ៊ីប បានបន្តថា ការដាក់ឲ្យអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ «ទស្សនាទានស្តីពីអង្គភាពថវិកា» ក៏ត្រូវបានដាក់ឲ្យអនុវត្តជាមួយគ្នា ដែលតាមរយៈនោះអង្គភាពជំនាញ នៃក្រសួង ស្ថាប័ន ជាអគ្គនាយកដ្ឋាន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវបានប្រគល់សិទ្ធិច្រើនជាងមុន និងមានការទទួលខុសត្រូវច្បាស់លាស់ជាងមុនលើការគ្រប់គ្រង និងការចាត់ចែងអនុវត្តថវិកា ព្រមទាំងការទទួលខុសត្រូវលើលទ្ធផលការងារសំដៅឈានទៅសម្រេចគោលបំណង គោលនយោបាយអទិភាពរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកអាទិភាពគោលនយោបាយវិស័យរបស់រាជរដ្ឋាភិបាល។
លោក ហ៊ាន សាហ៊ីប បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នេះ និងលើកទឹកចិត្តដល់សិក្ខាកម្មទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់ នៃវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ, គំនិតយោបល់ និងបទពិសោធន៍ឲ្យបានផុលផុស ដើម្បីស្វែងយល់ និងចាប់យកនូវចំណេះដឹង សម្រាប់យកទៅអនុវត្តនៅពេលត្រឡប់ទៅកាន់មន្ទីរ អង្គភាពរៀងៗខ្លួនវិញ៕