(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើក ទី៤៣ នៃថ្ងៃជ័យជម្នះ ៧ មករា នៅថ្ងៃទី០៧ ខែមករា ឆ្នាំល២០២២នេះ បានលើកឡើងងថា រយៈពេល ៤៣ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ ៧ មករា កម្ពុជា បានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់បំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃមាតុភូមិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «រយៈពេល៤៣ឆ្នាំ នៃការនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា ដោយក្តាប់ជាប់មេរៀនពិសោធន៍ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រជាជាតិយើងបានជ្រើសរើសយករបបនយោបាយ និងសង្គមរបស់ខ្លួន ប្រកបដោយភាពឯករាជ្យដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្ត្រ ស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គ និងការសាកល្បងគ្រប់បែបយ៉ាង និងមិនឱនក្បាលចំពោះការកៀបសង្កត់គំរាមកំហែងនានា»។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ឈរលើមូលដ្ឋាននេះ បានធ្វើឱ្យមាតុភូមិកម្ពុជា អាចងើបឈរឡើងវិញ និងឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាព។
តាមរយៈសារលិខិតដដែល ស្ថាបនិកសន្តិភាពរូបនេះបានគូសបញ្ជាក់ថា «កម្ពុជាដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរៃ, ជាកន្លែងដណ្តើមប្រជែងរវាងមនោគមវិជ្ជានយោបាយនានា, ជាប្រទេសក្រីក្រ និងឱនថយបំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ, ជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង មានសេដ្ឋកិច្ចកំពុងលូតលាស់ ដោយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើង»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាបានក្រោកឈរស្មើមុខមាត់ជាមួយបណ្តាប្រទេស បានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេងថ្លៃថ្លាបំផុត របស់ប្រជាជនកម្ពុជាគ្រប់រូបនៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅនេះ វិបត្តិជាសកលនៃជំងឺកូវីដ១៩ ក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពសង្គមជាតិ។ ប្រឈមនឹងស្ថានការណ៍នេះ រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រ និងវិធានការជាច្រើនប្រកបដោយភាពជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទាំងខាងរដ្ឋបាលសុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជនរក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរស់នៅដោយមានការចូលរួមយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋ។
មកដល់ចុងឆ្នាំ២០២១ កម្ពុជាបានធ្វើឱ្យចំនួនករណីឆ្លងជំងឺកូវីដ១៩ ត្រូវថយចុះមកក្នុងកម្រិតយ៉ាងទាប ហើយបង្កើតបានភាពស៊ាំក្នុងសង្គម ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។ មកដល់ពេលនេះ ស្ថានភាពទូទៅកាន់តែបានល្អប្រសើរឡើង ដែលឆ្លុះបញ្ចាំងអំពីជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់មិនឱ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺកូវីដ១៩ និងបានផ្តល់ការរំពឹងទុកប្រកបដោយភាពវិជ្ជមានចំពោះការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២២នេះ។
ប៉ុន្តែទោះបីជាដូច្នេះក្តី ក៏ជំងឺកូវីដ១៩ នៅតែជាការគំរាមកំហែងយ៉ាងធំនៅឡើយដល់ការរស់នៅរបស់ប្រជាជន ដែលទាមទារឱ្យប្រជាជនម្នាក់ៗត្រូវរៀនរស់ជាមួយកូវីដតាមគន្លងប្រក្រតីភាពថ្មី បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពនានា ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងការអនុវត្តវិធានការ «៣ការពារ ៣កុំ»៕