(បាត់ដំបង)៖ សាខាកាកបាទក្រហមខេត្តបាត់ដំបង នៅស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ច័ន្ទ សុផល អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត លោក យឹម សៀប ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក កង ប៊ន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត និងសហការី នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ(ដោយសារខ្យល់កន្រ្តាក់) ជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន៩៤ គ្រួសារ ក្នុងនោះ រស់នៅក្នុងតាម៉ឺន៣៩គ្រួសារ ឃុំតាពូង៤១គ្រួសារ និងឃុំគោកឃ្មុំ ១៤គ្រួសារ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក គង់ លី អភិបាលស្រុកថ្មគោល បានលើកឡើងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មានការរីកចម្រើន លើគ្រប់វិស័យក្នុងស្រុកថ្មគោលកន្លងមក លោកអភិបាលស្រុក ក៏បានឡើងពីរបាយការណ៍ពី ខូចខាតគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់) កើតឡើងទៅលើ៣ឃុំ រងផលប៉ះពាល់ទៅលើពលរដ្ឋមាន៩៤គ្រួសារ។ក្នុងឱកាសនោះ លោក ច័ន្ទ សុផល អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបង្ហាញការសោកស្តាយជាមួយបងប្អូនដែលជួបគ្រោះធម្មជាតិ ថ្មីៗនេះ និងបានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌គ្រប់ទិសទីទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណ: ពណ៌សម្បុរអ្វីឡើយ។ លោកបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ក្នុងការបង្ការគ្រោះអគ្គិភ័យ ពិសេសសុខភាព ការបរិភោគទឹកឆ្អិន និងការប្រែប្រួលអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអាសន្នឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បំផុតរាល់ពេលភ្លៀងនៅថ្ងៃមុខ នារដូវវស្សាឆ្នាំ២០១៦នេះ និងខេត្តចំនួននឹងអាចប្រឈមខ្លាំងជាមួយនឹងបាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងនោះ មានខេត្តបាត់ដំបងផងដែរ។ លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា អាជ្ញាធរដែនដីឃុំ ស្រុក ក៏ដូចជារដ្ឋបាលខេត្តបានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីដោះស្រាយបញ្ហាការកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើងក្នុងខេត្ត និងបន្តធ្វើការដោះស្រាយជាបន្តបន្ទាប់រាល់បញ្ហា ដែលកើតមានឡើងនៅតាមមូលដ្ឋានបន្ថែមទៀត។
អំណោយមនុស្សធម៌ដែលបានចែកជូននេះ គឺបានពីការចូលរួមពីសប្បុរសជននានា និងសាខាកាបាទក្រហមខេត្ត ស្រុក ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេស មុង១ ក្រម៉ា១ ភួយ១ សារុង១ និងថវិកាចំនួន៥ម៉ឺនរៀល។ លោកអភិបាលខេត្តបានបញ្ជាក់ថា ទោះបីអំណោយដែលបានចែកនាពេលនេះមានតិចតួចក៏ពិតមែន តែបានជួយរំលែកនូវការលំបាកដល់បងប្អូនដោះស្រាយបានមួយរយៈផងដែរ៕