(ភ្នំពេញ)៖ ប្រជាជាតិខ្មែរទាំងមូលស្គាល់ច្បាស់បុគ្គលអ្នកនយោបាយបរាជ័យចាស់វស្សាម្នាក់ឈ្មោះ សម រង្ស៊ី និងមានឈ្មោះជាទណ្ឌិតរត់ចោលស្រុក រត់គេចពីគុក ដោយសារតែទង្វើក្បត់ជាតិ ប្រមាថព្រះចេស្តា ប្រឆាំងនឹងច្បាប់ ហើយមានអាជីពជាអ្នកនយោបាយបោកប្រាស់ បំផ្លើស បំភ្លៃ និងបំផ្លាញជាតិនិងប្រជាជនខ្លួនឯង។ មានតែចំណុចមួយប៉ុណ្ណោះ ដែលបុគ្គលឧបឃាត សម រង្ស៊ី យល់ឃើញដូចគ្នាជាមួយមហាជនខ្មែរទូទៅ នោះគឺបេក្ខភាពដឹកនាំជាតិដ៏មានសក្តានុពល របស់យុវជនបន្តវេន ហ៊ុន-ម៉ាណែត។

ក្រៅពីទទួលបាននូវការគាំទ្រផ្ទៃក្នុងជាឯកច្ឆន្ទ ពីគណៈអចិន្ត្រៃយ៍ និងសន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត យុវជនឆ្នើម ហ៊ុន ម៉ាណែត ក៏បានទទួលការគាំទ្រ និងសាទរពីមហាជនខ្មែរគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់បន្តដឹកនាំនាវាកម្ពុជា នាំទៅរកភាពសុខក្សេមក្សាន្ត រុងរឿងជាបន្តទៀត នៅពេលអនាគត។

សម រង្ស៊ី និងបក្សពួក បានសម្លឹងឃើញនូវបេក្ខភាពដ៏មានសក្តានុពលនេះ ហើយបានអនុវត្តតាំងតែពីយូរណាស់មកហើយ នូវយុទ្ធនាការមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ របស់លោក ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់នាយករដ្ឋមន្ត្រីតេជោសែន និងជាបញ្ញវ័ន្តជំនាន់ក្រោយ ដែលមានចំណេះដឹងជ្រៅជ្រះ និងទេពកោសល្យនយោបាយយ៉ាងខ្លាំងក្លា។ ដដែលជាដដែល សម រង្ស៊ី បានធ្វើអត្ថាធិប្បាយបន្តុះបង្អាប់សញ្ញាបត្រ និងចំណេះដឹងរបស់លោក ហ៊ុន ម៉ាណែត ដោយលើកឡើងថាជា «សញ្ញាបត្រកម្រិតទីពីរ» ឬជា «សញ្ញាបត្រយោគយល់»។

សម-រង្ស៊ី ដឹងច្បាស់ណាស់អំពីសមត្ថភាព និងលក្ខណសម្បត្តិរបស់បញ្ញវ័ន្ត ហ៊ុន ម៉ាណែត ដែលប្រជាជនទូទៅស្គាល់ថា ជាយុវជនបន្តវេនដែលមានសីលធម៌ និងគុណធម៌ថ្លៃថ្នូរ តែងតែផ្តល់នូវការគោរពចំពោះមនុស្សចាស់ទុំ ហើយកម្រនឹងតបតវិញណាស់ ចំពោះការវាយប្រហារនានាចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារូបលោកផ្ទាល់ និងក្រុមគ្រួសារ។ តាមពិតការវាយប្រហារអគតិរបស់ សម រង្ស៊ី មកលើសញ្ញាបត្រ និងចំណេះដឹងរបស់លោក ហ៊ុន ម៉ាណែត ជាសក្ខីភាពសបញ្ជាក់ថា បុគ្គលនេះភ័យខ្លាចនូវបេក្ខភាពដ៏មានសក្តានុពលនេះណាស់ ដែលជាការគំរាមកំហែងកាន់តែខ្លាំងដល់ជីវិតនយោបាយបរាជ័យរបស់ខ្លួន ដែលកំពុងតែដុនដាប និងឈានទៅរកភាពសាបរលាបទាំងស្រុង។

មាសសុទ្ធមិនខ្លាចភ្លើង! លោក ហ៊ុន ម៉ាណែត បានស្នើខភ្នាល់យ៉ាងសមភាពជាមួយបុគ្គល សម រង្ស៊ី គឺថា ប្រសិនបើសាលាដែលលោកបានទៅរៀនសូត្រ ផ្តល់សេចក្តីបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត កាលទៅរៀននៅទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមកម្រិតបទដ្ឋានរបស់សាលា ហើយបានទទួលសញ្ញាបត្រ ជាសញ្ញាបត្រកម្រិតទីពីរ ឬជាសញ្ញាបត្រយោគយល់ លោកនឹងលាលែងពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គល សម-រង្ស៊ី មិនអាចឱ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ជាប្រភេទសញ្ញាបត្រកម្រិតទីពីរ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោក សម រង្ស៊ី លាឈប់ពីឆាកនយោបាយវិញទៅ។

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ជាភាពចាំបាច់ដែលត្រូវការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រូបលោកផ្ទាល់ ក៏ដូចជាយុវជន-និស្សិតខ្មែរទាំងអស់ ដែលធ្លាប់បាន ឬកំពុងតែស្វិតស្វាញសិក្សានៅឯបរទេស ខិតខំតស៊ូលំបាក ព្រាត់ឆ្ងាយពីមាតុភូមិ និងបងប្អូនញាតិមិត្ត ទល់នឹងការវាយប្រហារដែលគ្មានមូលដ្ឋាន គ្មានការទទួលខុសត្រូវ និងអសីលធម៌ ពីសំណាក់បុគ្គល សម រង្ស៊ី។

គួររំឭកថា កាលពីអំឡុងឆ្នាំ២០១៩ បុគ្គល សម រង្ស៊ី បាននិយាយប្រមាថមើលងាយសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាអាមេរិក (វេស្តភ័ញត៍) របស់លោក ហ៊ុន ម៉ាណែត ដែរ ហើយត្រូវបានលោក ហ៊ុន ម៉ាណែត បបួលភ្នាល់ម្តងរួចទៅហើយ ប៉ុន្តែបុគ្គលទទូរសំពត់ ចរិតមាន់ត្រចៀកស សម រង្ស៊ី បានគេចវេស និងដោះសារ ដោយគ្មានភាពខ្មាសអៀន និងគ្មានភាពទទួលខុសត្រូវទាល់តែសោះ។ ឥឡូវនេះបុគ្គល សម រង្ស៊ី និយាយរឿងមួលបង្កាច់ដដែលនេះទៀត ហើយលោក ហ៊ុន ម៉ាណែត ភ្លាមៗក៏បានបបួលភ្នាល់គ្នាម្តងទៀត ដោយសង្ឃឹមថា បុគ្គល សម រង្ស៊ី អាចមានភាពក្លាហានគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវ និងការពារសម្តីដែលខ្លួនបាននិយាយ។ ក៏ប៉ុន្តែ គេអាចគិតទុក ជាមុនហើយថា បុគ្គល សម រង្ស៊ី ទំនងជាសុខចិត្តរក្សាឋានៈជាមាន់ត្រចៀកស និងកំសាកក្នុងនាមជាអ្នកនយោបាយបរាជ័យ និងក្បត់ជាតិ នៅក្នុងប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា។

ការពិតពីមាតុភូមិ