(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ជាថ្ងៃជាខួបលើកទី ៤៣ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា តាមរយៈ Facebook បានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ នៃថ្ងៃជ័យជម្នះ៧មករា ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបប ប៉ុល ពត។
ជាមួយនឹងការអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរក្នុងរបប ប៉ុល ពត ដែលត្រូវបានគេបង្ខំធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។
ក្រោយពីប្រទេសជាតិ ត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសូមឱ្យស្មារតីថ្ងៃរំដោះជាតិ «ថ្ងៃជ័យជម្នះ៧មករា» ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ Facebook ក្នុងខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ គឺជាខួបលើកទី ៤៣ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២២) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ប៉ុន្តែក្រោយពីប្រទេសជាតិ ត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ជាបន្តបន្ទាប់។
សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍»៕