(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាល វរការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ បានចុះឃាត់ខ្លួនជនជាតិវៀតណាម្នាក់ និងរណាយន្តមួយគ្រឿង ក្រោយលួចចូលកាប់ឈើខុសច្បាប់ ត្រង់ចំណុចចន្លោះបង្គោលឡាក់លេខ២៨-២៩ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រាប់ឲ្យដឹងថា ជនជាតិវៀតណាមនេះមានឈ្មោះវៀង វ៉ាន់យ៉ុង អាយុ៣០ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅ ភូមិយ៉ាយ៉ម ឃុំយ៉ាយ៉ម ស្រុកដាក់គើ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
នៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ មន្ត្រីនគរបាលជំនាញ បានប្រគល់ជនសង្ស័យខាងលើ និងរណាយន្តមួយគ្រឿង ជូនមន្ត្រីផ្នែករដ្ឋបាលព្រៃឈើបរកែវចាត់ការបន្តទៀត៕