(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះថា ការចាប់ជនត្រូវចោទទាំង៨នាក់ ដែលត្រូវតុលាការឃុំខ្លួនពាក់ព័ន្ធនឹងករណីញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ា នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ មិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ ប៉ុន្តែ វាគឺជាការអនុវត្តច្បាប់របស់កម្ពុជា។
ការចេញមុខមកបញ្ជាក់បែបនេះ របស់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានសេចក្តីប្រកាសព័ត៌មានថ្កោលទោសចំពោះការចាប់ខ្លួន និងឃុំខ្លួនមេដឹកនាំបាតុកម្ម នៅមុខណាហ្គាវើលដ៍។
លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយើងមើលលើភស្តុតាងដែលសមត្ថកិច្ចបង្ហាញ និងសកម្មភាពរបស់ពួកគេ វាមិនមែនជាការអនុវត្តសេរីភាពបញ្ចេញមតិ ឬក៏ជួបជុំតវ៉ាដោយសន្តិវិធីនោះទេ តែវាជាការរៀបចំផែនការក្នុងចេតនាទុច្ចរិតបង្កចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ហើយហាក់ដូចជាមានការរៀបចំនិងអង្គការចាត់តាំងពីក្រៅប្រទេស តាមរយៈការឧបត្ថម្ភថវិកា ការរៀបចំផែនការ និងយុទ្ធសាស្ត្រឱ្យទៀត»។
បើតាមអ្នកនាំពាក្យរូបនេះ បានលើកឡើងថា អ្វីដែលសមត្ថកិច្ចរកឃើញ មានមូលដ្ឋានច្បាប់រឹងមាំនិងច្បាស់លាស់ បញ្ជាក់ថាវាជាអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការញុះញង់ ដូច្នេះមានតែការអនុវត្តច្បាប់តាមនីតិវិធីតុលាការតែប៉ុណ្ណោះ ដែលជាមធ្យោបាយស្របច្បាប់តែមួយគត់ក្នុងការឆ្លើយតប នៅក្នុងសង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋ។
បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់កម្ពុជាផ្នែកសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា «អ្វីដែលមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ បានឃើញនិងស្និដ្ឋាន គឺផ្អែកលើរូបភាពខាងក្រៅ តែប៉ុណ្ណោះ ដែលជារូបភាពបាតុកម្ម ឬការបញ្ចេញមតិ រូបភាពជួបជុំតវ៉ា ក៏ប៉ុន្តែនៅពីក្រោយ គឺការរៀបចំផែនការទុច្ចរិតបង្កចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ហើយមន្ត្រីសិទ្ធិមនុស្សទាំងនោះមិនបានពិនិត្យនិងពិចារណាលើករណីទាំងនេះទេ រួមទាំងភ័ស្តុតាងនិងមូលដ្ឋានដែលសមត្ថកិច្ចរកឃើញផងដែរ។ មែនទែនបើវាជាវិវាទការងារ គឺមិនពិបាកដោះស្រាយទេផ្អែកទៅលើច្បាប់ការងាររបស់កម្ពុជា ក៏ប៉ុន្តែដោយសារតែវាមិនមែនជាវិវាទការងារវាមានរឿងហេតុផ្សេងនៅពីក្រោយ ដែលមានអង្គការចលនាចាត់តាំងរៀបចំច្បាស់លាស់នៅពីខាងក្រៅក្នុងចេតនាញុះញង់បង្កភាពចលាចល នៅក្នុងសង្គម ទើបដោះស្រាយមិនចេញ ហើយទីបំផុតមានតែវិធានការច្បាប់តែប៉ុណ្ណោះ»។
លោក ជិន ម៉ាលីន បានបន្តថា បើសិនករណីបាតុកម្មតវ៉ានេះ វាពាក់ព័ន្ធនឹងវិវាទការងារសុទ្ធតែម្តង ដោយមិនមានផែនការទុច្ចរិតនៅពីក្រោយ គឺអាចដោះស្រាយបានស្រួល តាមច្បាប់ការងារ ដូច្នេះ ទាល់តែអ្នកសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន មើលឱ្យបានស៊ីជម្រៅជាងនេះបន្តិច ហើយកុំមានភាពលំអៀង ផ្នែកនយោបាយ ពួកគាត់ហ្នឹងគាត់អាចនឹងមើលឃើញចំពោះទង្វើ និងសកម្មភាពរបស់មេដឹកនាំបាតុកម្ម។
គួរជម្រាបថា រហូតមកដល់ពេលនេះ មានជនត្រូវចោទទាំង៨នាក់ហើយ ដែលត្រូវតុលាការឃុំខ្លួនពាក់ព័ន្ធនឹងករណីញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ា នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងនោះរួមមានទី១៖ ឈឹម ស៊ីថរ, ២៖ រី សុវណ្ណឌី, ទី៣៖ សុន ស្រីពេជ, ទី៤៖ ហៃ សុភាព, ទី៥៖ ឃ្លាំង សុបិន្ត, ទី៦៖ ទូច សិរីមាស, ទី៧៖ ឈឹម សុខន និងទី៨៖ សុខ ណារិទ្ធ៕