(ភ្នំពេញ)៖ លោក សុខ គង្គា អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត នៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងតវ៉ាទាំងអស់ ឲ្យងាកមករកការចរចា ដើម្បីបញ្ចប់វិវាទ និងឈ្នះទាំងអស់គ្នា។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក សុខ គង្គា បានលើកឡើងថា «ខ្ញុំបាទ សុខ គង្គា អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត សូមអំពាវនាវដល់បងប្អូនដែលកំពុងធ្វើការតវ៉ា សូមងាកមករក ការចរចាជាមួយក្រុមហ៊ុន តាមរយៈក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងរកចំណុចឈ្នះរួម ទាំងអស់គ្នា និងបញ្ចប់ករណីវិវាទនេះ ដើម្បីទទួលបាននូវ ផលប្រយោជន៍ស្របច្បាប់របស់បងប្អូន»។
លោកបានបន្តទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពី ការត្រៀមទទួលជួបជាមួយបងប្អូន ដើម្បីអង្គុយពិនិត្យផ្ទៀងផ្ទាត់ ឡើងវិញជាមួយគ្នានូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ការងារតាមគោលការណ៍ច្បាប់ នៅឯទីស្តីការក្រសួង។ រួមគ្នា បញ្ចប់វិវាទនេះ ដោយសន្តិវិធី!
សូមបញ្ជាក់ថា លោក សុខ គង្គា, កញ្ញា ឈឹម ស៊ីថរ និងលោក សុខ ណារិទ្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅទីតាំងប្រមូលផ្តុំ ក្បែរណាហ្គាវើលដ៍ ទៅតាមដីការតុលាការ ប៉ុន្តែបន្ទាប់ពីសួរនាំ និងស្តាប់ចម្លើយសារភាពរួចមក ឈ្មោះ សុខ គង្គា ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យវិញ។
រហូតមកដល់ពេលនេះ មានជនត្រូវចោទទាំង៨នាក់ហើយ ដែលត្រូវតុលាការឃុំខ្លួនពាក់ព័ន្ធនឹងករណីញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ា នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងនោះរួមមាន៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន និងទី៨. សុខ ណារិទ្ធ៕