(ភ្នំពេញ)៖ ក្នុងគោលបំណងឈានទៅបញ្ចប់ករណីវិវាទអំពីការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ នៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបុគ្គលិកដែលកំពុងធ្វើការតវ៉ាដោយលើកមូលហេតុថា និយោជកបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនត្រឹមត្រូវតាមច្បាប់ ទៅចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែងជាមួយអធិការការងារឡើងវិញ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩ព្រឹក តទៅ នៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។
ក្រសួងការងារបានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការងារ ចំពោះករណីបញ្ឈប់ពីការងាររួមគ្នា (មាត្រា៩៥) កម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងាររួមគ្នា នឹងទទួលបាន៖
១៖ ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក (មាត្រា១១៦)
២៖ ប្រាក់បំណាច់ទូទាត់ជួសការឱ្យដំណឹងមុន ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនតាមច្បាប់ កំណត់ (មាត្រា៧៥ និងមាត្រា៧៧)
៣៖ ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)
៤៖ ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ ដែលមិនទាន់បានទូទាត់ (មាត្រា៨៩ថ្មី)។
មូលដ្ឋានសម្រាប់គណនាប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមប្រចាំថ្ងៃ គឺត្រូវប្រើប្រាស់ប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមនៃ ១២ខែចុងក្រោយ ដែលបានធ្វើការពេញលេញ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កម្មករនិយោជិតទាំងអស់ នឹងចូលរួមក្នុងកិច្ចប្រជុំខាងលើ ដើម្បីបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត នេះ៕