(កណ្តាល)៖ មន្រ្តីបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទចំនួន៤នាក់ និង២នាក់ទៀតជា ប្រជាពលរដ្ឋ បានស្នើសុំទៅកាន់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដោះស្រាយជម្លោះដីធ្លី ក្រោយពីលោកឧកញ៉ា ឡោក ហួរ សមាជិករដ្ឋសភាមណ្ឌលបាត់ដំបង រំលោភយកដីរបស់គាត់ចំនួន១៨ហិកតា ក្នុងចំណោម៨០ហិកតា ស្ថិតនៅភូមិអង្គរជ័យ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក យី នរា តំណាងប្រជាពលរដ្ឋទាំង៦គ្រួសារ និងមានតួនាទីអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានធ្វើដំណើរមកកាន់ការិយាល័យអង្គភាព Fresh News ថា ដីរបស់ពួកគាត់មានចំនួន៨០ហិកតា ស្ថិតនៅស្រុកកៀនស្វាយ ជាប់ដីរបស់លោកឧកញ៉ា ឡោក ហួរ ហើយដីទាំង៨០ហិកតានេះ គឺពួកគាត់មានច្បាប់ និងប័ណ្ណកម្មសិទ្ធិស្របច្បាប់ពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធតាំងពីឆ្នាំ២០០៨ ប៉ុន្តែនៅចុងឆ្នាំ២០១២ ស្រាប់តែមនុស្សជំនិតបស់លោកឧកញ៉ា ឡោក ហួរ ម្នាក់បានប្រើគ្រឿងចក្រ ទៅឈូសឆាយដីរបស់ពួកគាត់ចំនួន១៨ហិកតា។ មូលហេតុដែលនាំលោកឧកញ៉ា រំលោភដីដែលកម្មសិទ្ធិស្របច្បាប់យ៉ាងនេះ ដោយសារតែលោកឧកញ៉ាសំអាងទៅលើ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
លោក យី នរា បានបញ្ជាក់ទៀតថា «នៅពេលឈូសឆាយនោះយើងខ្ញុំបានប្តឹងទៅអភិបាលស្រុកកៀនស្វាយ ចំនួន២លើក រហូតដល់ក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ប៉ុន្តែនៅតែគ្មានដំណោះស្រាយដដែលដូច្នេះ មានតែលោក ជា សុផារ៉ា ទេដែលជាអតីតមេកើយរបស់ខ្លួន ជួយអន្តរាគមន៍បាន»។
ជាមួយគ្នានេះ តំណាងគ្រួសារនៃជម្លោះដីធ្លីម្នាក់នេះ បានសុំជួបជាមួយអភិបាលខេត្តកណ្តាលផងដែរ គោលបំណងសុំឲ្យលោកអភិបាលខេត្តជួយដោះស្រាយបញ្ចប់ តែគាត់ព្យាយាមគេចវេសរហូតមិនព្រមជួបនោះទេ ខុសពីអ្វីដែលគាត់បានប្រកាសប្រាប់ទៅកាន់ប្រជាពលរដ្ឋជាង៤០០នាក់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ក្នុងវេទិកាសាធារណៈកណ្ដាលបឹងអតីតឡូត៍នេសាទ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលពេលនោះលោក ម៉ៅ ភិរុណ បានថ្លែងថា លោកនឹងដោះស្រាយបញ្ហាដីធ្លីនេះជូនប្រជាពលរដ្ឋ ឲ្យតែមានឯកសារត្រឹមត្រូវ។
លោក យី នរា ហ៊ានប្រឈម និងនាំក្រុមរបស់លោកទាំង៦គ្រួសារ ដោយកាន់ឯកសារទៅជាមួយដើម្បីបង្ហាញថ្នាក់ដឹកនាំ ដើម្បីសោះស្រាយបញ្ហាមួយនេះ ហើយពួកគាត់ទាំងអស់គ្នាមិនសុខចិត្តនោះទេ ចំពោះការរំលោភដីធ្លីរហូតដល់១៨ហិកតាបែបនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ អាជ្ញាធរសមត្ថកិច្ចជាច្រើន ចុះទៅបើកធ្វើវេទិកាសាធារណៈ នៅកណ្ដាលបឹងអតីតឡូត៍នេសាទ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនរស់នៅក្នុង ស្រុកកៀនស្វាយ និងស្រុកស្អាងរាប់រយគ្រួសារ បានប្ដឹងទៅអាជ្ញាធរខេត្តដោយចោទប្រកាន់ថា ឧកញ៉ា ឡោក ហួរ ដែលជាសមាជិករដ្ឋសភាមណ្ឌលបាត់ដំបង និងជាឈ្មួញរកស៊ីដីធ្លី បានរំលោភបំពានយកដីរបស់ពួកគាត់ និងដីអតីតឡូត៍នេសាទដែល សម្ដេចតេជោ ហ៊ុន សែន រំសាយចោលទុកឲ្យប្រជាពលរដ្ឋ ធ្វើការនេសាទជាលក្ខណៈគ្រួសារ។
វេទិកាសាធារណៈដែលបើកធ្វើនៅកណ្ដាលបឹង លើដីអតីតឡូត៍នេសាទរបស់រដ្ឋ បច្ចុប្បន្នត្រូវឧកញ៉ា ឡោក ហួរ កាយទំនប់ព័ន្ធយកនេះ គេឃើញមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៤០០នាក់ ដោយក្នុងនោះគេសង្កេតឃើញមានទាំងវត្តមាន អ្នកស្រី ហែម សុភាព អតីតប្រធានអង្គការកាំហ្វិត ដែលអង្គការនេះកន្លងមកមានដីនៅតំបន់នោះចំនួន ២០០០ហិកតា បច្ចុប្បន្នក្លាយជាដីរបស់ឧកញ៉ា ឡោក ហួរ ចូលរួមផងដែរ។ ប៉ុន្តែវេទិកានេះគេមិនបានឃើញភាគីឧកញ៉ា ឡោក ហួរ ចូលរួមនោះទេ។
តាមប្រជាពលរដ្ឋដែលលើកឡើងនៅក្នុងវេទិកាសាធារណៈបានឲ្យដឹងថា មានសំណូមពរចំនួន២ចំណុច ដែលពួកគាត់ទាមទារឲ្យអាជ្ញាធរដោះស្រាយ ដោយទី១ ករណីឧកញ៉ា ឡោក ហួរ រំលោភបំពានយកដីរបស់ពួកគាត់ និងទី២ ឧកញ៉ា ឡោក ហួរ រំលោភយកដីបឹងអតីតឡូត៏នេសាទលេខ៤ និងឡូត៏លេខ៦ នៅក្នុងស្រុកកៀនស្វាយ និងស្រុកស្អាងលើកទំនប់ព័ទ្ធយកមិនឲ្យប្រជាពលរដ្ឋចូលធ្វើការនេសាទបាន។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់ ហើយលោកអភិបាលខេត្ត នឹងកាន់ដោះស្រាយករណីទំនាស់ដីធ្លីផ្ទាល់តែម្តង។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា រឿងរ៉ាវដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងដីបឹងអតីតឡូត៍នេសាទនៅក្នុងស្រុកកៀនស្វាយ ស្រុកស្អាងនេះ គឺមានសភាពស្មុគស្មាញណាស់ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានឈ្មួញអ្នកមានអំណាចនាំគ្នារំលោភយក ហើយលក់ពីម្ចាស់មួយទៅម្ចាស់មួយបង្កើតជាជំលោះចាក់ស្រេះ ដោយក្នុងនោះតាមអ្នកដឹងរឿងបានបង្ហើបឲ្យដឹងថា គ្រាន់តែឧកញ៉ាឡោក ហួរ ម្នាក់ គាត់មានដីនៅតំបន់នោះរហូតដល់ជិត ៣០០០ហិកតាឯណោះ។ ដោយឡែកឧកញ៉ា ឡោក ហួរ បានចេញមុខមកបដិសេធថា គាត់មិនបានរំលោភយកដីប្រជាពលរដ្ឋឡើយ គឺដីរបស់គាត់សុទ្ធតែទិញមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់។
លោកឧកញ៉ា ឡោក ហួរ បានអះអាងថា ដីរបស់លោកទាំងអស់គឺលោកសុទ្ធតែទិញពីប្រជាពលរដ្ឋ មានឯកសារផ្លូវច្បាប់ត្រឹមត្រូវ មិនបានទៅរំលោភបំពានយកដីអ្នកណាឡើយ ហើយបើអ្នកណាថា លោករំលោកយកដី សូមយកឯកសារមកផ្ទៀងផ្ទាត់តទល់គ្នា។ ចំណែកពាក់ព័ន្ធការចោទថា កូនចៅរបស់លោកបិទផ្លូវមិនឲ្យប្រជាពលរដ្ឋចេញចូល និងមិនឲ្យធ្វើការនេសាទនោះ ត្រូវបានឧកញ៉ា ឡោក ហួរ អះអាងនៅតំបន់នោះគ្មានផ្លូវសាធារណៈនោះទេ គឺមានតែលោកធ្វើផ្លូវនៅក្នុងដីកម្មសិទ្ធឯកជនតែប៉ុណ្ណោះ ហើយលោកក៏មិនបានហាមឃាត់នោះដែរ គឺឲ្យធ្វើដំណើរចេញចូលធម្មតា ហើយការនេសាទបើពួកគាត់ ទៅនេសាទក្រៅបរិវេណដីកម្មសិទ្ធិឯកជន គ្មានអ្នកណាហាមឃាត់នោះទេ តែភាគច្រើនអ្នកនេសាទទាំងអស់នោះ ច្រើនប្រើឧបករណ៏ឆក់ល្មើសច្បាប់ ទើបបុគ្គលិករបស់លោកហាមឃាត់ ក៏បង្កើតទៅជារឿងប្ដឹងថា ហាមមិនឲ្យចូលនេសាទបែបនេះ៕