(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្កើតគ្រុបតេឡេក្រាម (Telegram Group) ឈ្មោះ «សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY» ជូនសាធារណជនគ្រប់រូបប្រើប្រាស់ដោយសេរី ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមលើអ្វីដែលមានស្រាប់។

ក្នុងសេចក្ដីណែនាំរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ដើម្បីធានាបានការផ្តល់ព័ត៌មានដ៏មានសារសំខាន់នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការណែនាំដូចតទៅ៖

*ទី១៖ សូមផ្តល់ព័ត៌មាន ទីតាំង និងពេលវេលា នៃហេតុការណ៏ពិតប្រាកដ និងច្បាស់លាស់
*ទី២៖ សូមផ្តល់រូបភាព ឬវីដេអូខ្លីៗ នៃហេតុការណ៍ពិតៗ ជាក់ស្តែង
*ទី៣៖ សូមផ្តល់ខ្លឹមសាព័ត៌មានដោយប្រកាន់ខ្ជាប់តាមក្រមសីលធម៌
*ទី៤៖ សូមកុំផ្តល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើពាក្យពេចន៍អសុរោះ ឬរូបភាពអាសអាភាស ដែលអំពើទាំងនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន
*ទី៥៖ សូមកុំផ្តល់ព័ត៌មាន ដែលខុសពីព័ត៌មានស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

បន្ថែមពីនេះ សាធារណជន ក៏អាចរាយការណ៍តាមរយៈកម្មវិធីលើទូរស័ព្ទដៃ «ថែទាំផ្លូវថ្នល់ ROAD CARE Mobile App» ដែលអាចទាញយកពី App Store (https://roadcare.mpwt.gov.kh/ios ឬ Play Store(https://roadcare.mpwt.gov.kh/android) កម្មវិធីនេះនឹងបញ្ជូនព័ត៌មាននៅក្នុងគ្រុបតេឡេក្រាម «សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY» ដោយភ្ជាប់ព័ត៌មានទីតាំង និងពេលវេណដោយស្វ័យប្រវត្តិ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីចូលរួមប្រកបដោយស្ថាបនា ក្នុងបំណងកែលម្អស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត ដោយផ្តល់សុវត្ថិភាពជូនអ្នកប្រើប្រាស់ផ្លូវទាំងឡាយ តាមរយៈការផ្តល់ព័ត៌មានសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ នៃកម្មវិធីតេឡេក្រាម
«សុវត្ថិភាពចរាចរណ៍យើង»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា តេឡេក្រាមនេះក្រោមការគ្រប់គ្រងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលព័ត៌មានសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ពីសាធារណជន ដើម្បីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ឬមន្ត្រីសាធារណការ និងដឹកជញ្ជូន ចាត់វិធានការតាមច្បាប់៕

សូមចុច Link ដើម្បីចូលគ្រុប៖

https://t.me/traffic6789