(ភ្នំពេញ)៖ Fresh News TV Online នឹងធ្វើការផ្សាយបន្តផ្ទាល់ (Live) នៃកម្មវិធីធ្វើសន្និសីទកាសែត របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅម៉ោង១៖៣០រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក ស៊ាង ចែត មេឃុំរបស់គណបក្សសមរង្ស៊ី ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យគ្រួសារស្រីមុំ ដើម្បីសូកប៉ាន់មិនឱ្យនិយាយរឿងពិត។
លោក សៀង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» បានសរសេរលិខិតជំហរមួយរៀបរាប់អំពីរឿងរ៉ាវរបស់នាងក្រោយបែកធ្លាយសំឡេងខ្សែអាត់សាសងស្នេហា ជាមួយ លោក កឹម សុខា។ នៅក្នុងលិខិតនោះ ស្រីមុំ បាននិយាយអំពី លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕