ACU នឹងធ្វើសន្និសីទកាសែត ពាក់ព័ន្ធនឹងការចាប់ខ្លួនមេឃុំ ស៊ាង ចែត ដែលយកលុយ៥០០ដុល្លារ ទៅឱ្យគ្រួសារ ស្រីមុំ ដើម្បីកុំឱ្យនិយាយការពិត
25-04-2016 10:41
(ភ្នំពេញ)៖ មន្រ្តីអង្គោភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ACU នឹងធ្វើសន្នសីទកាសែតមួយ នៅម៉ោង១៖៣០រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីបកស្រាយចំពោះការចាប់ខ្លួន មេឃុំស្រក លោក ស៊ាង ចែត។
លោក សៀង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានសារភាពថា មានស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» បានសរសេរលិខិតជំហរមួយរៀបរាប់អំពីរឿងរ៉ាវរបស់នាង ក្រោយបែកធ្លាយសំឡេងខ្សែអាត់សាសងស្នេហា ជាមួយ លោក កឹម សុខា។ នៅក្នុងលិខិតនោះ ស្រីមុំ បាននិយាយអំពី លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕
(សូមជំរាបថា សម្រាប់សន្និសីទកាសែតខាងលើនេះ Fresh News នឹងធ្វើការផ្សាយបន្តផ្ទាល់តាម Fresh News TV ផងដែរ)