(កំពង់ឆ្នាំង)៖ លោកយាយមានវ័យ៧៣ឆ្នាំម្នាក់ បានអំពាវនាវស្នើសុំអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តជួយអន្តរាគមន៍ដោះស្រាយរឿងរ៉ាវរបស់លោកយាយជាមួយកូនស្រីបង្កើត ដែលរស់នៅជាមួយលោកយាយនៅលើដីភូមិ១កន្លែង នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយសារលោកយាយបានប្រគល់ដីទាំងអស់ជូនកូនស្រី តែបានប្រាប់ថាសុំចែកឲ្យគាត់វិញខ្លះពេលគាត់ចាស់ទៅ។ អ្វីដែលការសន្យារប ស់កូនស្រីកាលពីពេលកន្លងទៅនោះ បានប្រែប្រួល ដោយសារដីដែលម្តាយបានចែកជូន គឺមិនបានប្រគល់ និងចែកគាត់ខ្លះទេ គឺយកទាំងអស់តែម្តង។
លោកយាយ ប៉ាន់ ហឿន អាយុ៧៣ឆ្នាំ បានរៀបរាប់ប្រាប់បណ្ដាញព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា សព្វថ្ងៃលោកយាយមានកូនប្រុសស្រីចំនួន៤នាក់ តែកូន៣នាក់បែកមានប្ដីប្រពន្ធអស់ហើយ ដោយលោកយាយបានចែកដីភូមិ និងដីស្រែឲ្យពួកគេគ្រប់ៗគ្នា នៅសល់កូនស្រីទី២ម្នាក់ ឲ្យនៅជាមួយលោកយាយ ហើយលោកយាយក៏នៅសល់កេរ្តិ៍ដីស្រែបឹងធំមួយ និងដីភូមទំហំ ២៩ គុណ ៦៣ម៉ែត្រ មួយកន្លែង ដែលជាដីភូមិរស់នៅជាមួយកូនសព្វថ្ងៃ។
លោកយាយបានបន្តទៀតថា ដីភូមិមួយកន្លែងដែលលោកយាយរស់នៅតាំងពីសង្គមមកនោះ មិនបានចែកឲ្យកូនចៅណានោះទេ គឺទុកសម្រាប់លោកយាយចាស់ទៅ និងទុកពាក់កណ្តាលចែកឲ្យកូនស្រីដែលនៅជាមួយនាងឈ្មោះ វន សម្បត្តិ ដែលបច្ចុប្បន្នគេមានអាយុ៥០ឆ្នាំទៅហើយ។
កូនស្រីរបស់លោកយាយ ក្រោយមកគេមិនដែលនៅមើលថែលោកយាយនោះទេ គេដើរទៅចោលលោកយាយបាត់ៗរាប់ឆ្នាំទើបមកម្តង ដោយទុកលោកយាយឱ្យនៅម្នាក់ឯង និងម្យ៉ាងលោកយាយមានវ័យកាន់តែចាស់ ពីមួយថ្ងៃទៅ មួយថ្ងៃ មិនមានប្រាក់មើលខ្លួននឹងធ្វើបុណ្យទាន និងគេលោកយាយក៏សុំដីជាចំណែករបស់លោកយាយពាក់កណ្ដាលពីកូនស្រី យកមកទុកខ្លាចក្រែងថ្ងៃណាមួយលោកយាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ បានដីនេះលក់ដើម្បីយកប្រាក់ មកមើលខ្លួននិងទុកធ្វើបុណ្យទានខ្លះ តែកូនស្រីរបស់លោកយាយគេមិនឱ្យលោកយាយទេ គឺគេចង់យកដីនេះតែម្នាក់ឯង។
កន្លងមក លោកយាយក៏ធ្លាប់បានស្នើសុំឲ្យរដ្ឋបាលឃុំជួយសម្របសម្រួល និងដោះស្រាយម្តងដែរ កាលណោះលោកយាយបានស្នើសុំដីចំណែកលោកយាយពាក់កណ្ដាលដូចដែលបានព្រមព្រៀងជាមួយកូនស្រី កាលពីមិនទាន់ធ្វើបណ្ណកម្មសិទ្ធិមកម្ល៉េះ។
កូនស្រីរបស់គាត់ក៏បានព្រមព្រៀងជាមួយលោកយាយថារូបគេមិនមែនជាកូនអាកត្តញ្ញូនោះទេ តែតែនៅពេលដែលមកសម្របសម្រួលនៅសាលាឃុំ កូនស្រីបែរជាមិនព្រមឲ្យដីចំណែកលោលយាយលោកឡើយ។ ដោយគេសំអាងថា ប័ណ្ណដីនេះឈ្មោះរបស់គេ តែបើលោកយាយចង់បានគេឲ្យដីនៅកន្ទុយដីខាងក្រោយ តែដីនោះមានទំហំតូចមិនមានតម្លៃ ហើយក៏មិនមានអ្នកណាចង់ទិញនោះដែរ។
លោកយាយប្រាប់ទៀតថា ដោយសម្រួលគ្នាមិនត្រូវនៅសាលាឃុំ លោកយាយក៏បានដាក់ពាក្យបណ្ដឹងចូលទៅសាលាខេត្តកំពង់ឆ្នាំង កាលណោះលោក ឈូរ ច័ន្ទឌឿន ជាអភិបាលខេត្ត លោកក៏បានចារលើពាក្យបណ្ដឹងបញ្ជូន ទៅរដ្ឋបាលស្រុករលាប្អៀរ ដោះស្រាយ និងសម្របសម្រួលជូនលោកយាយ តែរយៈពេលជិត២ឆ្នាំមក នេះលោកយាយមិនទាន់បានទទួលការកោះហៅធ្វើការសម្របសម្រួលណាមួយនៅឡើយនោះទេ។
ទាក់ទងនឹងបញ្ហានេះលោកស្រី សុខា ប្រធានការិយាល័យនីតិកម្ម ស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឲ្យដឹងថា លោកស្រីបានធ្លាប់បានទទួលបណ្តឹង របស់លោកយាយតាមរយៈរដ្ឋបាលខេត្តឲ្យជួយដោះស្រាយរឿងខាងលើនេះដែរ ហើយកាលណោះលោកស្រីក៏ធ្លាប់បានអញ្ជើញទាំង២ភាគីឲ្យមកសម្របសម្រួលគ្នានៅសាលាស្រុកម្តងដែរ តែឃើញមកតែភាគីម្ខាង ចំណែកភាគី ខាងទៀតមិនឃើញចូលមកដោះស្រាយនោះទេ។ តែទោះជាយ៉ាងនេះក្តី រឿងនេះលោកស្រីនឹងសុំគោលការណ៍ពីលោកអភិបាលស្រុក ដើម្បីធ្វើការកោះហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួលគ្នាសារជាថ្មីម្ដងទៀត។
ដោយឡែកលោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា រឿងនេះលោកក៏បានដឹងដែរ តែកាលណោះដោយសារកូវីដ តែថ្ងៃស្អែកលោកនឹងចាត់មន្ត្រីជំនាញរបស់លោក ដើម្បីធ្វើ ការងារនេះឡើងវិញ ដោយអញ្ជើញភាគីទាំងសងខាងចូលមកសម្របសម្រួលគ្នាសារជាថ្មីម្ដងទៀត៕