(ព្រុចសែល)៖ ប្រទេសលុចហ្សាំប៊ួរ (Luxembourg) និង អាល្លឺម៉ង់ បានដាក់សំណើរួមគ្នាមួយទៅកាន់ ប្រទេសបែលហ្ស៊ិក ដោយសូមឲ្យសមាជិកអឺរ៉ុបដូចគ្នាមួយនេះ បិទជាបណ្តោះអាសន្ននូវរោងចក្រ នុយក្លេអ៊ែរចំនួនពីររបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។
ប្រទេសបែលហ្ស៊ិក មានរោងចក្រនុយក្លេអ៊ែរចំនួនពីរគឺ Doel 3 និង Tihange 2 ដែលធ្លាប់ត្រូវបាន បិទដំណើរការម្តងហើយកាលពីឆ្នាំ២០១២ បន្ទាប់ពីត្រូវបានគេរកឃើញបញ្ហាមួយចំនួន។ ប៉ុន្តែកាលពី ខែវិច្ឆិកា ឆ្នាំ២០១៥ ទីភ្នាក់ងារគ្រប់គ្រងនុយក្លេអ៊ែរសហព័ន្ធ (FANC) បានប្រកាសអនុញ្ញាតឲ្យ ដំណើរការរោងចក្រទាំងពីរនោះឡើងវិញ ក្រោយអន្តរជាតិបញ្ជាក់ពីសុវត្ថិភាពរួចរាល់។
យ៉ាងណាក៏ដោយ បញ្ហានៅមិនបានបញ្ចប់នោះឡើយ ដោយសេចក្តីរាយការណ៍ចេះតែកើតមាន ជាបន្តបន្ទាប់អំពីបញ្ហាបច្ចេកទេសក្នុងរោងចក្រនុយក្លេអ៊ែរទាំងពីរខាងលើនេះ ដែលជាហេតុនាំឲ្យ ប្រទេសជិតខាងរបស់បែលហ្ស៊ិក ដូចជាអាល្លឺម៉ង់ និង លុចហ្សាំប៊ួរ បានបង្ហាញក្តីព្រួយបារម្ភ និង អំពាវនាវឲ្យបែលហ្ស៊ិក បិទពួកវាជាបណ្តោះអាសន្ន ហើយធ្វើការពិនិត្យសុវត្ថិភាពឡើងវិញ៕